ព័ត៌មានជាតិ

រកឃើញ រោងចក្រផលិតគ្រឿងបង្គុំ- បន្សំស្បែកជើង មួយកន្លែង ក្នុងស្រុកគងពិសី ពុំទាន់មានប្រព័ន្ធសម្អាត សារធាតុបំពុលខ្យល់ និងក្លិនត្រឹមត្រូវ

ភ្នំពេញ ៖ រោងចក្រផលិតគ្រឿងបង្គុំ-បន្សំស្បែកជើង របស់ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. នៅក្នុងភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមការងារ ក្រសួងបរិស្ថាន សហការជាមួយតំណាង មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋបាលស្រុកគងពិសី និងអាជ្ញាធរឃុំជង្រុក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ រកឃើញថា បានបង្កឱ្យមានការបំពុល ដោយផ្សែង និងក្លិន ដល់ខ្យល់បរិយាកាស និងដល់ការរស់នៅប្រជាពលរដ្ឋប្រមាណ ៤០គ្រួសារ ក្នុងមូលដ្ឋានក្បែររោងចក្រ។

បើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន បានឱ្យដឹងថា នៅលើទីតាំងជាក់ស្តែង ក្រុមការងារបានរកឃើញថា ក្រុមហ៊ុនមានឡ ចំហាយមានចំនួន ០១គ្រឿង ដំណើរការដោយប្រើអុស លាយកម្រេចជ័រដើម្បីដុត និងពុំមានប្រព័ន្ធ សម្អាតផ្សែងត្រឹមត្រូវទេ ។ ដូចគ្នាដែរ ក្រុមហ៊ុន មានឡដុតរំលាយជ័រ ចេញជាគ្រាប់ ដោយពុំមានប្រព័ន្ធសម្អាត សារធាតុបំពុលខ្យល់ទេ។

លើសពីនេះ ក្រុមហ៊ុនពុំមានការគ្រប់គ្រងសំណល់ប្លាស្ទិក និងជ័រ ប្រមូលពីរោងចក្រក្នុងស្រុកសម្រាបកែឆ្នៃ ឱ្យបានត្រឹមត្រូវផងដែរ។ ក្នុងពេលចុះពិនិត្យ ក្រុមការងារ បានធ្វើតេស្តសារធាតុបំពុលខ្យល ចំនួនពីរទីតាំងផ្សេងគ្នា នឹងបានរកឃើញថាសារធាតុក្នុងខ្យល់លើសកម្រិតស្តង់ដារ។

ចំពោះមុខ ក្រុមការងារបានចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុន ដែលបានល្មើសនឹងលិខិតបទដ្ឋានគតិយុត្តបរិស្ថាន និងដែលបានបង្កការបំពុលបរិស្ថាន ដោយផ្សែង និងក្លិន ដែលល្មើសនឹងមាត្រា ១៥៦, ១៧៣,១៧៦, ៣១២, ៣១៣,៣១៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។

ក្រសួងបរិស្ថាន បានដាក់ចេញវិធានការលើក្រុមហ៊ុន ដូចជា៖ ផ្អាកដំណើរការឡចំហាយជាបណ្តោះអាសន្ន រហូតដល់ក្រុមហ៊ុន បានអនុវត្តកែសម្រួលប្រព័ន្ធសម្អាត សាធារធាតុបំពុលខ្យល់ និងក្លិនរួចរាល់ និងរហូតដល់ មានការសម្រេចជាថ្មីពីក្រសួងបរិស្ថាន, ពិន័យអន្តរការណ៍ ទៅតាមច្បាប់កំណត់, ក្រុមហ៊ុនត្រូវផ្តល់ សំណងផលប៉ះពាល់បរិស្ថាន និង សុខភាពសាធារណៈ តាមការវាយតម្លៃជាក់ស្តែង, ត្រូវធ្វើការកែតម្រូវវិធានការ បច្ចេកទេសលើការ ទុកដាក់វត្ថុធាតុដើម ទីតាំងទុកដាក់សំណល់ផេះ និងសំណល់រឹងគ្រប់ប្រភេទ ដោយអនុលោមការ គោលការណ៍បច្ចេកទេស និងច្បាប់ជាធរមាន, ត្រូវរៀបចំរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រូវបង់មូលនិធិ ទាយជ្ជទានបរិស្ថានប្រចាំដូចបានចែង ក្នុងកិច្ចសន្យាចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦, ក្នុងករណីក្រុមហ៊ុនមិនអនុវត្ត តាមវិធានការខាងលើ ក្រុមហ៊ុននឹងប្រឈមនឹងការ បិទអាជីវកម្មទាំងស្រុង៕

To Top