ព័ត៌មានជាតិ

រាជរដ្ឋាភិបាលចេញសារាចរ ស្តីពីការធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធ និងជំរឿនមន្ត្រីរបស់ក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញ សារាចរ ស្តីពី ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់ ក្រសួង ស្ថាប័នចំណុះអង្គការ នីតិប្រតិបត្តិ ដើម្បីជំរុញបន្ថែមការអនុវត្តវិធានការ គន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

បើតាម សារាចរ ស្តីពី ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ របស់រាជរដ្ឋាភិបាលនាថ្ងៃ២០ ឧសភាការធ្វើជំរឿនេះ ក្នុងគោលបំណងកំណត់ឲ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធ គ្រប់កម្រិតនិងគ្រប់ប្រភេទរបស់ក្រសួង ស្ថាប័ន។ កំណត់ឲ្យបានច្បាស់លាស់នូវមន្ត្រីដែលបាន និងកំពុងបំពេញការងារជាក់ស្តែង នៅតាមរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន។ ធ្វើបច្ចុប្បន្នភាពនិង អភិវឌ្ឍប្រព័ន្ធទិន្នន័យតាមព័ត៌មានវិទ្យាគ្រប់គ្រង ដោយក្រសួងមុខងារសាធារណៈ សម្រាប់ការគ្រប់គ្រង រចនាសម្ព័ន្ធ និងមន្ត្រីនៅ តាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន និងកែលម្អឲ្យកាន់តែប្រសើរ នូវប្រព័ន្ធបើកផ្តល់បៀវត្សដល់មន្ត្រី ដែលកំពុងបំពេញការងារជាក់ស្តែង។

សារាចររបស់រាជរដ្ឋាភិបាលឲ្យដឹងថាទៀត ចាប់តាំងពីនីតិកាលទី១ នៃរដ្ឋសភា រហូតមកដល់បច្ចុប្បន្ននេះ ក្នុងក្របខ័ណ្ឌនៃការអនុវត្តកម្មវិធីជាតិ កំណែទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាលបានជំរឿនមន្ត្រីរាជការ ស៊ីវិលចំនួន៣លើក រួចមកហើយ លើកទី១ នៅឆ្នាំ១៩៩៥ , លើកទី២ នៅឆ្នាំ១៩៩៩-២០០១ និងលើកទី៣ នៅឆ្នាំ២០១០។ តាមរយៈលទ្ធផល នៃជំរឿនទាំងនេះ រាជរដ្ឋាភិបាលបានកសាងមូលដ្ឋាន ទិន្នន័យមន្ត្រីរាជការស៊ីវិល សម្រាប់ប្រើប្រាស់ក្នុងការពង្រឹង និងការគ្រប់គ្រង មន្ត្រីរាជការរហូតមកដល់បច្ចុប្បន្ន។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាល សាធារណៈ ដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ តាមរយៈ (១) ការកែលម្អប្រព័ន្ធ ជ្រើសរើសមន្ត្រី (២) ការពង្រឹងសមត្ថភាព និង សមិទ្ធកម្មស្ថាប័ន និង (៣)ការដាក់ឲ្យអនុវត្ត ប្រព័ន្ធលើកទឹកចិត្តគាំទ្រ សមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ៕

To Top