ភ្នំពេញ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា វឌ្ឍនភាពការងារ គម្រោងលើកកម្ពស់គុណភាព ផ្លូវជាតិលេខ៤៨ សម្រេចបាន ៩៧,៣៧% ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់ ក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយក គម្រោង បានដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាព ការងារគម្រោងលើកកម្ពស់ គុណភាពផ្លូវជាតិលេខ៤៨ ដោយមានការចូល រួមពីថ្នាក់ដឹកនាំក្រសួង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមូលនិធិសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនសាងសង់ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព ការងារគម្រោងផ្លូវជាតិលេខ៤៨ ស្វែងរកដំណោះស្រាយលើ បញ្ហាប្រឈមនានា ប្រកបដោយប្រសិទ្ធភាព ព្រមទាំងធានាការអនុវត្តគម្រោង ឱ្យបានទាន់ពេលវេលាតាមផែនការ ដែលបានគ្រោងទុក។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៥ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នេះ បានសម្រេចវឌ្ឍនភាពការងាររបស់ខ្លួនប្រមាណ ៩៧,៣៧% ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់នៅក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕

