ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានបង្ហាញការសោកស្តាយ ចំពោះសកម្មភាពបំភ្លើស បំភ្លៃ បំភាន់ អត្ថន័យផ្ទាំងពាក្យស្លោកផ្សព្វផ្សាយ អរគុណសន្តិភាព នៅលើស្ពានខ្ពស់ជាងគេ ស្ថិតនៅខេត្តពោធិ៍សាត់។
ការលើកឡើងរបស់លោកនេះ បន្ទាប់ពីបុគ្គលជាម្ចាស់គណនេយ្យ Facebook ម្នាក់ឈ្មោះ “Sothea Chhin” បានបំភ្លៃអំពីពាក្យស្លោក អរគុណសន្តិភាព ។

តាមរយៈហ្វេសប៊ុក លោក ផន រឹម បានចាត់ទុកថា នេះគឺជាទង្វើដ៏គួរឲ្យស្អប់ខ្ពើមបំផុតដែលបានធ្វើឲ្យពលរដ្ឋមានការយល់ច្រលំ។
ក្នុងនាមអ្នកនាំពាក្យក្រសួងសាធារណការ លោក ផន រឹម បានបកស្រាយថា នៅពាក់កណ្តាលស្ពានខ្ពស់ជាងគេ(ទាំងសងខាង)នៃគម្រោងផ្លូវជាតិលេខ១០ ចាប់ពីសំឡូត-បាត់ដំបង ទៅស្រុកវាលវែង ខេត្តពោធិ៍សាត់ និងទៅក្រុងខេរភូមិន្ទ ខេត្តកោះកុង ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានយ៉សម្រាប់ឈរទស្សនារូបភាព និងថតរូបអនុស្សាវរីយ៍ ដល់ប្រជាពលរដ្ឋដែលឆ្លងកាត់ទៅ-មកទីតាំងស្ពាន ដោយរំលេចពាក្យស្លោកចំនួនពីរផ្ទាំងគឺ “អរគុណសន្តិភាព” និង “រួមគ្នាថែរក្សា ការពារសន្តិភាព” មិនមានពាក្យស្លោកផ្សេង ដូចបុគ្គលម្ចាស់គណនេយ្យFacebookឈ្មោះ “Sothea Chhin”បំភ្លៃនោះទេ ។

លោកពន្យល់ពាក្យ «អរគុណសន្តិភាព»ថា គឺជាពាក្យមួយឃ្លា ដែលមានអត្ថធំធេង សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលធ្លាប់ឆ្លងកាត់សង្គ្រាម កាប់សម្លាប់រាប់មិនអស់ ។ ក្នុងនោះប្រជាជនកម្ពុជាទាំងអស់ បានផ្តល់គុណតម្លៃយ៉ាងធំធេងដល់សន្តិភាព ខណៈពាក្យ «អរគុណសន្តិភាព» ត្រូវបានកត់សម្គាល់ថា មានបិទស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស ។
លោកគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា តែងបានអំពាវនាវដល់ជនរួមជាតិ បន្តថែរក្សាការពារសន្តិភាព ក្នុងប្រទេសឲ្យបានគង់វង្ស ៕
