ព័ត៌មានជាតិ

ក្រសួងវប្បធម៌ រៀបចំសិក្ខាសាលាស្តីពី «ការឆ្លើយតប​ នឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងវិស័យវប្បធម៌»

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០៥ បានរៀបចំសិក្ខាសាលាស្តីពី «ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ក្នុងវិស័យវប្បធម៌» ក្រោមអធិបតីភាព លោក ធៀង វណ្ណដារ៉ុងប្រធានគណៈកម្មាធិការប្រយុទ្ធនិងជំងឺអេសដ៍និង តំណាងដ៏ខ្ពង់ខ្ពស់លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ក្នុងសិក្ខាសាលាស្តីពី “ការឆ្លើយតបនឹងមេរោគអេដស៍ និង ជំងឺអេដស៍ក្នុងវិស័យវប្បធម៌» លោក ធៀង វណ្ណដារ៉ុង ប្រធានគណៈកម្មាធិការ ប្រយុទ្ធនឹងជំងឺអេដស៍ និងជាអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងតែបានយកចិត្តទុកដាក់ចូលរួមជាប្រចាំ ទន្ទឹមគ្នាជាមួយនឹងក្រសួង/ស្ថាប័នទាំងអស់ ក្នុងសកម្មភាពជាពហុវិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់បំផុត ចំពោះបញ្ហាមេរោគអេដស៍ និងជំងឺអេដស៍នេះ ។

លោកបានបន្តថា បានជំរុញដល់គ្រប់ភាគី នៃក្រសួងវប្បធម៌ ត្រូវជំរុញបន្ថែមដល់នាយកដ្ឋាន និងអង្គភាពក្រោមឱវាទ ដោយបន្តការចូលរួមឱ្យសកម្មជាងនេះ ក្នុងការផ្សព្វផ្សាយ ការបង្ការ ការទប់ស្កាត់ ការរីករាលដាលនិងការចម្លងមេរោគអេដស៍និងជំងឺអេដស៍ ជាពិសេសនាយកដ្ឋានសិល្បៈទស្សនីយ៍ភាព និង នាយកដ្ឋានសិល្បៈភាពយន្ត និង ផ្សព្វផ្សាយវប្បធម៌ ត្រូវយកចិត្តទុកដាក់បង្កើនស្នាដៃអប់រំរឿងខ្លី និងខ្លឹមសារ ជាសារអប់រំ ដើម្បីឱ្យផលិតករពេល ចាក់បញ្ចាំងខ្សែភាពយន្ត និងវីដេអូត្រូវរត់អក្សរនៃសារអប់រំពីការឆ្លងមេ រោគអេដស៍ និងជំងឺអេដស៍នេះ។

លោក ហម គឹមសុន អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការ ប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា បើតាមរបាយការណ៍ នៃតួលេខចុងក្រោយនៅឆ្នាំ២០២៤ ក្នុងប្រទេសកម្ពុជា គេប៉ាន់ស្មានថាមានអ្នកផ្ទុកមេរោគអេដស៍ ប្រមាណ៧៦.០០០នាក់ ឯអត្រាប្រេវ៉ាឡង់អេដស៍ បានធ្លាក់មកត្រឹម០,៥ភាគរយ ក្នុងចំណោមប្រជាជនទូទៅ (អាយុពី១៥ ទៅ ៤៩ឆ្នាំ)។

លោកបានបន្តថា ក្នុងចំណោមអ្នកសង្ស័យថា ផ្ទុកមេរោគអេដស៍ ទាំង៧៦.០០០នាក់នោះ ៧០.០១៣នាក់ បានធ្វើតេស្ត បញ្ជាក់ថាពិតជាផ្ទុក មេរោគអេដស៍មែន គឺស្មើនឹង ៩២%។ ក្នុងចំណោមអ្នកដែលបានធ្វើតេស្តដឹងខ្លួនពិតប្រាកដ ថាផ្ទុកមេរោគអេដស៍ទាំង៧០.០១៣នាក់ អ្នកផ្ទុកមេរោគអេដស៍ចំនួន ៦៩.៩៩៤នាក់ បានទទួលសេវាព្យាបាល ថែទាំ គឺស្មើនឹង ១០០ភាគរយ ។ ក្នុងចំណោមអ្នកជំងឺអេដស៍៦៩.៩៩៤នាក់នោះ អ្នកជំងឺចំនួន ៦៨.៨៦១នាក់ មាន មេរោគអេដស៍នៅក្នុងគ្រាប់ឈាមទាបបំផុត មើលពុំឃើញតាមអតិសុខុមទស្សន៍ គឺស្មើនឹង៩៨%។ លើគោលដៅ៩៥-៩៥-៩៥ កម្ពុជាសម្រេចបាន ៩២-១០០-៩៨ ៕

To Top