ព័ត៌មានជាតិ

អាជ្ញាធរកម្ពុជា កំពុងសហការជាមួយថៃ ចាប់ខ្លួនស្រ្តីម្នាក់ជាក្រុមប្រឆាំង សំងំលាក់ខ្លួននៅថៃ

ភ្នំពេញ ៖ អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា បាន និងកំពុងសហការជាមួយភាគីថៃ ដើម្បីចាប់ខ្លួនស្រ្តីម្នាក់ ដែលជាក្រុមប្រឆាំងបានសំងំលាក់ខ្លួន នៅប្រទេសថៃ ហើយបានបន្លំធ្វើជាសំឡេងរបស់លោកស្រី ចម និម្មល រដ្ឋមន្រ្តីពាណិជ្ជកម្មដែលបានបំភ្លៃបំភ្លើសខុសពីការពិត ពាក់ព័ន្ធទៅនឹងដំណើរការចរចាបញ្ហាពន្ធគយ ជាមួយភាគីអាមេរិកកាលពីពេលថ្មីៗនេះ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាន នគរបាលជាតិ នាថ្ងៃ២៣ ឧសភាបានឲ្យដឹងថា ការប្រកាសចាប់ខ្លួនស្រ្តីម្នាក់ ដែលជាសកម្មជនអតីតគណបក្សប្រឆាំងនេះ បន្ទាប់ពីស្រ្តីរូបនេះបានបង្ហោះផ្សព្វផ្សាយព័ត៌មាន តាមរយៈវីដេអូក្នុងទំព័រហ្វេសប៊ុកឈ្មោះ Overseas ពាក់ព័ន្ធដល់កិច្ចសម្ភាស របស់លោកស្រី ចម និម្មលដែលមានចរិតញុះញង់ បំភ្លៃការពិត ធ្វើឲ្យមានការភាន់ច្រឡំពីលទ្ធផល ការចរចាលើការអនុគ្រោះពន្ធជុំទី១ រវាងកម្ពុជា -អាមេរិក ។

ដោយសារឃើញសារសំឡេងវីដេអូក្នុងទំព័រហ្វេសប៊ុកឈ្មោះ ស្ត្រី Overseas អ្នកនាំពាក្យអគ្គស្នងការបកស្រាយថា ពុំមែនជាសារសំឡេងរបស់លោកស្រី ចម និម្មល ទេ។ សារសំឡេងនោះ គឺជាការប្រើបច្ចេកទេសកាត់រូបភាពវីដេអូរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយបញ្ចូលសំឡេងស្ត្រីម្នាក់ ធ្វើអត្ថាធិប្បាយក្នុងចេតនាធ្វើវិទ្ធង្សនា បំពុល បំផ្លាញសង្គម ញុះញង់ លាបពណ៌ និងបំភ្លៃការពិត ក្នុងគោលបំណងធ្វើឲ្យសាធារណជន មានការភាន់ច្រឡំ ចំពោះរាជរដ្ឋាភិបាលក្នុងកិច្ចការចរចាលើការអនុគ្រោះពន្ធជុំទី១ ជាមួយភាគីអាមេរិក។

អ្នកនាំពាក្យបញ្ជាក់ថា សមត្ថកិច្ចបានរកឃើញមុខសញ្ញាដែលបានប្រព្រឹត្តសកម្មភាពល្មើសខាងលើ មានឈ្មោះ ជូ ឈីន ជាមុខសញ្ញាចាស់ ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ពីបទរួមគំនិតក្បត់ តាមរយៈសកម្មភាពឃុបឃិតជាមួយក្រុមឧទ្ទាមជ្រុលនិយម វាយប្រហារមកលើរាជរដ្ឋាភិបាល និងបានរត់ភៀសខ្លួន ទៅថៃ ដើម្បីគេចពីការតាមចាប់របស់សមត្ថកិច្ច។ ក្នុងអំឡុងពេលសំងំលាក់ខ្លួននៅប្រទេសថៃ ស្ត្រីរូបនេះបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដូចជា គណនីហ្វេសប៊ុកឈ្មោះ ស្ត្រី Overseas , គណនីឈ្មោះ ស្ទឹង សម្ងាត់ , Chhin Chou, និងគណនីឈ្មោះ ម៉ៅ បង ធ្វើជាមធ្យោបាយដើម្បីបម្រើ ឧបាយកលក្បត់ជាតិ នៃក្រុមឧទ្ទាមជ្រុលនិយម ដោយបន្តសកម្មភាពបង្ហោះព័ត៌មានញុះញង់ បំភ្លៃការពិត ធ្វើឲ្យចលាចល បង្កអសន្តិសុខក្នុងសង្គម និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា “បច្ចុប្បន្ន អគ្គស្នងការដ្ឋាន នគរបាលជាតិ កំពុងកសាងសំណុំរឿងតាមនីតិវិធី និងសហការជាមួយអាជ្ញាធរមាន សមត្ថកិច្ចរបស់ប្រទេសថៃ ធ្វើការស្វែងរកចាប់ខ្លួន និងបញ្ជូនស្ត្រីឈ្មោះ ជូ ឈឺន មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់” ៕

To Top