ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា ជាប្រទេសតូចតែមានបេះដូងធំ ចង់ឱ្យគ្រប់ប្រទេសនៅក្នុងពិភពលោកមានសុខសន្តិភាព ស្ថិរភាពសង្គម ដូចៗគ្នា។
សម្តេច ប្រធានរដ្ឋសភា មានប្រសាសន៍បែបនេះ នៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក អែក ណាត ដាកាល ( Ek Nath Dhakal) អគ្គលេខាធិការរបស់សន្និសីទ ប្រធានសភានៃអន្តរសភា (ISC) និងសហការី នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភាក្នុងពេល ដែលគណៈប្រតិភូ បំពេញទស្សនកិច្ចនៅកម្ពុជា។

នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាបានឆ្លងកាត់សង្រ្គាមជាច្រើនទសវត្សរ៍។ សុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍន៍ដែលកម្ពុជាកំពុងទទួលបាននេះ គឺបានមកដោយលំបាកណាស់ បានមកពីការលះបង់និងពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់ឥស្សរជនស្នេហាជាតិ ពិសេសការលះបង់ដ៏ធំធេងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍ឯកសន្តិភាព បិតាស្ថាបនិកនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ជូនកម្ពុជា។
សម្តេច ប្រធានរដ្ឋសភា បានលើកឡើងបន្តថា ក្នុងគោលបំណងចង់ឱ្យមនុស្សជាតិនៅលើសកលលោកបានសុខសន្តិភាព និងស្ថិរភាពដូចៗគ្នា នៅក្នុងស្ថានភាពមួយដែលសកលលោកជួបប្រទះបញ្ហាដ៏ស្មុគស្មាញ មានហានិភ័យខ្ពស់ដូចបច្ចុប្បន្ននេះ ការពង្រឹមសាមគ្គីភាព ការលើកកម្ពស់វប្បធម៌សន្ទនានិងគោលការណ៍ពហុនិយម ដោយឈរលើភាពស្មោះត្រង់ ការទុកចិត្តគ្នា ការបើកចំហរ យកច្បាប់អន្តរជាតិជាធំ ជាកត្តាសំខាន់ណាស់ ហើយកម្ពុជាតែងតែចូលរួមនិងគំាទ្រជានិច្ច នៅក្នុងនោះក៏មាន សន្និសីទប្រធានសភានៃអន្តរសភា (ISC) មួយផងដែរ។

លោក អែក ណាត ដាកាល បានថ្លែងការកោតសរសើរនិងអរគុណយ៉ាងក្រៃលែង ចំពោះការចូលរួមដ៏សកម្មរបស់ គណៈប្រតិភូរដ្ឋសភាកម្ពុជា នៅក្នុងវេទិកា សន្និសីទប្រធានសភានៃអន្តរសភា ក៏ដូចជាកិច្ចប្រជុំកំពូលពិភពលោក២០២៥ កន្លងមកនេះ ។ ជាពិសេសការចែករំលែកនូវទស្សនៈសន្តិភាពទំាង១០ចំណុចរបស់ សម្តេចតេជោ ហ៊ុន សែន ដ៏ជាទីចាប់អារម្មណ៍និងមានសារៈសំខាន់បំផុត ជូនដល់អន្តរជាតិបានដឹង។
លោក ប្រធានគណៈប្រតិភូបានជម្រាបជូន សម្តេចប្រធានរដ្ឋសភា ពីបេសកកម្មរបស់វេទិកាសន្និសីទប្រធានសភានៃអន្តរសភា ដែលបច្ចុប្បន្ននេះ បានកំពុងស្វែងរកការគំាទ្រពីបណ្តាប្រទេសនានា ពិសេសការចូលរួមធ្វើជាដៃគូសន្ទនា ជាមួយវេទិកាអន្តរសភានិងអន្តររដ្ឋាភិបាលនានា នៅក្នុងនោះមានដូចជាអង្គការសហប្រជាជាតិ អន្តរសភាអាស៊ាន (IAPA)និងសហភាពអន្តរសភា (IPU) ជាដើម៕
