ព័ត៌មានជាតិ

វិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនសៀមរាប ផ្ដល់អាហាររូបករណ៍ ២ពាន់កន្លែងដល់យុវជន មកពីគ្រួសារក្រីក្រ និងងាយរងហានីភ័យ រួមទាំងមានប្រាក់ឧបត្ថម្ភ

ភ្នំពេញ ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប​ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសផ្ដល់អាហាររូបករណ៍ចំនួន ២០០០កន្លែងដល់យុវជន មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដោយឥតបង់ថ្លៃ ១០០% លើមុខជំនាញរយៈពេលខ្លីចំនួន ១៣មុខវិជ្ជា ហើយថែមទាំងមានប្រាក់ ឧបត្ថម្ភប្រចាំខែសម្រាប់សិក្ខាកាមផងដែរ ។

អាហាររូបករណ៍នេះ គឺជាការអនុវត្តកម្មវិធីគោល នយោបាយបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ១,៥ លាននាក់ របស់រាជរដ្ឋាភិបាល នីតីកាលទី៧នៃរដ្ឋសភា ក្រោមអាណត្តិដឹកនាំ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យមានជំនាញរហ័ស និងមានចំណូលសមរម្យ ដើម្បីកែប្រែជីវភាពឱ្យកាន់តែប្រសើរបន្ថែមទៀត។

បើតាមវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប មុខជំនាញអាហាររូបករណ៍ទាំង២០០០កន្លែងនេះ មាន១៣មុខវិជ្ជាដូចជា (១) ការដំឡើងបណ្ដាញ អគ្គីសនីក្នុងអគារចំនួន ២៧០នាក់, (២) សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋានចំនួន ២៧០នាក់, (៣) ការរចនាក្រាហ្វិក ដោយកុំព្យូទ័រចំនួន ១៥០នាក់, (៤) ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាពចំនួន ៦០នាក់, (៥) ការងារកំបោរចំនួន ៩០នាក់ (៦) ការដំឡើងបណ្ដាញបំពង់ទឹកចំនួន ៩០នាក់, (៧) សេវាកម្មកុំព្យូទ័រចំនួន ១៧០នាក់, (៨) សេវាកម្មរដ្ឋបាលចំនួន ១២០នាក់, (៩) ធុរកិច្ចភេសជ្ជៈចំនួន ១២០នាក់, (១០) សេវាកម្មម្ហូបអាហារ និង ភេសជ្ជៈ ចំនួន ១៥០នាក់, (១១) សេវាកម្មសម្អាងកាយចំនួន ១៨០នាក់, (១២) សេវាកម្មកាត់សក់បុរស ចំនួន ១៥០នាក់ និង(១៣) ការធ្វើម្ហូបខ្មែរចំនួន ១៨០នាក់។

ដើម្បីចុះឈ្មោះចូលរៀនបានក្រុមយុវជនគោលដៅ អាចទាក់ទងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបតាមរយៈលេខទូរស័ព្ទ ០៩៦ ៦៦៦ ០៣ ០៦/ ០៨៩ ៤៨៣ ៦២៣ និង០៦៩។

សូមបញ្ជាក់ថា ក្រៅពីក្រុមយុវជនមកពីគ្រួសារក្រីក្រ និង ងាយរងហានិភ័យ យុវជន និងពលរដ្ឋទូទៅ ក៏ដូចជាកម្មករកម្មការិនី ក៏អាចចូលសិក្សាជំនាញ បច្ចេកទេសវិជ្ជាជីវៈនេះបានដោយឥតបង់ថ្លៃផងដែរ ប៉ុន្តែគ្រាន់តែមិនទទួលបាន ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល៕

To Top