ព័ត៌មានជាតិ

ពាក់ព័ន្ធពន្ធអាម៉េរិក ! នាយករដ្ឋមន្ដ្រីកម្ពុជា សង្ឃឹមថា ការចរចាជុំទី២ នឹងទទួលបានលទ្ធផលជាវិជ្ជមាន

ភ្នំពេញ ៖ ពាក់ព័ន្ធការចរចាពន្ធបដិការរបស់អាម៉េរិក ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសង្ឃឹមថា ការចរចាជុំទី២ នឹងទទួលបានលទ្ធផលជាវិជ្ជមាន ខណៈការចរចាជុំទី១ គ្រាន់តែជាការជួបគ្នា ដើម្បីបង្ហាញជំហរ និងបញ្ជាក់បន្ថែមពីបញ្ហា​ មួយចំនួនប៉ុណ្ណោះ។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។

នាឱកាសនោះ សម្តេចធិបតី បានលើកឡើងថា ក្នុងរយៈពេលជិតពីរឆ្នាំកន្លងទៅនេះ គ្រប់ក្រសួង ស្ថាប័នបានសហការ គ្នាយ៉ាងល្អក្នុងការដោះស្រាយ បញ្ហាធំៗជាច្រើនដោយជោគជ័យ។ សម្តេច បានកោតសរសើរគ្រប់ក្រសួង ស្ថាប័ន ដែលបានបំពេញការងារយ៉ាងសកម្ម ពិសេសការអនុវត្ត កម្មវិធីគោលនយោបាយ របស់រាជរដ្ឋាភិបាល ឱ្យមានវឌ្ឍនភាព ដោយបានដោះស្រាយបញ្ហាប្រឈមនានាបានយ៉ាងល្អ ក្នុងស្ថានភាពដែលពិភពលោក ជួបប្រទះបញ្ហាស្មុគស្មាញ ជាច្រើន ដែលបណ្តាលមកពីសង្គ្រាមប្រដាប់អាវុធ សង្គ្រាមពាណិជ្ជកម្ម ពិសេសការដាក់ពន្ធបដិការពីសំណាក់ សហរដ្ឋអាម៉េរិក ដែលជាវិញ្ញាសាតឹងតែងដែលត្រូវរួមគ្នាដោះស្រាយ ។

សម្តេចធិបតី បានកោតសរសើរ ដល់ក្រុមការងារចំពោះកិច្ចទទួលបន្ទុកសម្របសម្រួល ការចរចាពន្ធបដិការ ដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងក្រុមការងារពាក់ព័ន្ធ ដែលបានខិតខំបំពេញការងារនេះ បានយ៉ាងល្អ។

សម្តេច បញ្ជាក់ថា «កិច្ចចរចាជុំទី១ គ្រាន់តែជាការជួបគ្នា ដើម្បីបង្ហាញជំហរ និងបញ្ជាក់បន្ថែមពីបញ្ហា មួយចំនួនប៉ុណ្ណោះ ពីព្រោះការចរចាពាណិជ្ជកម្ម មានភាពស្មុគស្មាញដែលត្រូវការពេលវេលា ដោយគ្រប់ប្រទេស ទាំងអស់សុទ្ធតែមានស្ថានភាពដូចៗគ្នា»។ សម្តេច សង្ឃឹមថា «កិច្ចចរចាជុំទី២ នឹងទទួលបានលទ្ធផលជាវិជ្ជមាន»

To Top