ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយអាជ្ញាធរខេត្តសៀមរាប សិក្សាឡើងវិញអំពីប្រព័ន្ធការពាររន្ទះ និងពិនិត្យលទ្ធភាពពង្រីកបន្ថែមប្រព័ន្ធ ការពាររន្ទះ ក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ ពិសេស រមណីយដ្ឋានអង្គរ ដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរ។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។
ក្នុងកិច្ចប្រជុំនេះដែរ សម្តេចធិបតី បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធត្រៀមខ្លួន ដើម្បីឆ្លើយតបគ្រោះ មហន្តរាយធម្មជាតិនារដូវវស្សានេះ ជាពិសេសគឺទឹកជំនន់ ដោយត្រូវកំណត់ទីទួលសុវត្ថិភាព ត្រៀមកម្លាំង មធ្យោបាយ សម្ភារៈ ដើម្បីអន្តរាគមន៍ក្នុងករណីកើតមានគ្រោះទឹកជំនន់ ដោយមានការចូលរួមពីកងទ័ព និងនគរបាលផង។
សម្តេច ក៏បានណែនាំឱ្យក្រសួងធនធានទឹក និងឧត្តុនិយម ត្រូវតាមដានកម្ពស់ទឹកជាប្រចាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវត្រៀមពូជស្រូវ ដើម្បីចែកជូនកសិករ ក្នុងការស្តាដំណាំស្រូវឡើងវិញ ក្នុងករណីមានការខូចខាត។
លើសពីនេះ សម្តេចធិបតី បានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានអាជ្ញាធរ អប្សរាជាសេនាធិការត្រូវ សហការជាមួយអាជ្ញាធរ ខេត្តសៀមរាប សិក្សាឡើងវិញអំពីប្រព័ន្ធការពាររន្ទះ និងពិនិត្យលទ្ធភាពពង្រីកបន្ថែមប្រព័ន្ធ ការពាររន្ទះក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ ជាពិសេស រមណីយដ្ឋានអង្គរ ដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរ ក្នុងបរិបទដែលគ្រោះធម្មជាតិដូចជារន្ទះជាដើម កាន់តែមានសភាពខ្លាំងជាងមុន៕
