ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំក្រសួងសុខាភិបាល ក្រើនរំលឹកប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងឱ្យត្រៀមកន្លែងសម្រាប់រក្សាទុកវ៉ាក់សាំង ១លានដូស ជាយន្តការ «កិច្ចសម្របសម្រួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ ជាសាកល»។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។
នាឱកាសនោះ សម្តេចធិបតី បានណែនាំឱ្យក្រសួងសុខាភិបាល ត្រៀមវ៉ាក់សាំង គ្រូពេទ្យ និងទីតាំងជាស្រេច ដើម្បី អន្តរាគមន៍បន្ទាន់ក្នុង ករណីដែលជំងឺកូវីដ-១៩ ផ្ទះឡើងវិញជាទ្រង់ទ្រាយធំ ។ សម្តេច កត់សម្គាល់ថា បច្ចុប្បន្នជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី បានកើតឡើងវិញ ជាច្រើននៅប្រទេសជិតខាង ខណៈដែលនៅកម្ពុជា ក៏ចាប់ផ្ដើមឆ្លងឡើងវិញដែរ។
សម្តេចធិបតី ក៏ណែនាំឱ្យក្រសួងសុខាភិបាល ក្រើនរំលឹកប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងឱ្យត្រៀម កន្លែងសម្រាប់រក្សាទុកវ៉ាក់សាំង ១លានដូស ដែលយន្តការ «កិច្ចសម្របសម្រួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ ជាសាកល» ហៅកាត់ (COVAX) ត្រូវផ្តល់ឱ្យកម្ពុជាបន្ថែម៕
