ព័ត៌មានជាតិ

សម្តេចធិបតី បញ្ជាឱ្យត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ដើម្បីបង្កាគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព ពិសេស ត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ដើម្បីបង្កាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។

នាឱកាសនោះ សម្តេចធិបតី បានណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព ជាពិសេស ការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ដើម្បីបង្កាគ្រោះថ្នាក់ដែលបណ្តាលឱ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋនៅលើដងផ្លូវ។

សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់ ចំពោះការនាំចូលចំណីអាហារដែលមានជាតិគីមី ពិសេសធុរេន និងសាច់គោ ដែលត្រូវបានផ្អាកការនាំចូលជា បណ្តោះអាសន្នដោយសារជំងឺឆ្លង។ សម្ដេច ថា «ចំណាត់ការនេះ គឺដើម្បីការពារសុខភាពប្រជាពលរដ្ឋ»។

លើសពីនេះ សម្តេចធិបតី បានថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធ ដែលខិតខំអនុវត្តបានល្អនូវ គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ ទោះយ៉ាងណា សម្តេច បានណែនាំឱ្យបន្តការងារនេះដូចភ្លៀង រលឹមដើម្បីលុបបំបាត់បញ្ហាចោរកម្ម គ្រឿងញៀន និងក្មេងទំនើង ដើម្បីរក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋ៕

To Top