ព័ត៌មានជាតិ

ឧត្ដម​សេនីយ៍​ទោ​សោម​ ស៊ុន​ នាំ​យក​អំណោយ​សម្តេចធិបតី និង​លោក​ជំទាវ​ឧបត្ថម្ភ​ជូន​ប្រជានេសាទ​ដែល​មាន​ជីវភាព​លំបាក​ខ្វះ​ខាត​​ នៅ​តំបន់​បឹង​ទន្លេសាប​ ឃុំ​ពាមបាង​ !

កំពង់ធំ៖ នៅព្រឹកថ្ងៃទី២៣​ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ អមដំណើរដោយលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកអំណោយមនុស្សធម៌ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជានេសាទ ដែលមានជីវភាពលំបាកខ្វះខាត ចំនួន​ ៥៥​ គ្រួសារ ដែលកំពុងរស់នៅតំបន់បឹងទន្លេសាប ក្នុង​ឃុំពាមបាង​ ស្រុកស្ទោង​ ខេត្តកំពង់ធំ ។

លោក​ សុឹម​ សុធី​ ក្រុម​ប្រឹក្សា​ឃុំ​ពាមបាង​  បាន​ឡើង​រាយការណ៍​អំពី​សភាពការណ៍​ទូទៅ​ និង​ស្ថានភាព​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ពាមបាង​  ហើយ​បន្ទាប់​មក​លោក ជិន ស៊ីថា  នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បាទជម្រាបជូនប្រជានេសាទ អំពីច្បាប់ស្ដីពីជលផល និងសេចក្តីណែនាំថ្មី របស់ប្រមុខរាជរដ្ឋាភិបាល ស្ដីពីការអនុញ្ញាតឲ្យមានការសម្របសម្រួលការប្រើប្រាស់រកបានសាច់អួន ដែលមានប្រវែងវែងជាងមុន តែត្រូវអនុវត្តតាមទំហំក្រឡា និងទីតាំង​គម្លាតដែលបានកំកំណត់ ឲ្យបានច្បាស់លាស់ ត្រឹមត្រូវ ហើយមិនអនុញ្ញាតដាច់ខាត ក្នង​ការប្រើប្រាស់ឧបករណ៍នេសាទគ្រប់ប្រភេទ និង​នេសាទ​នៅក្នុងតំបន់ឡូត៍អភិរក្សពូជត្រី និងតំបន់ហាមឃាត់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះកងកម្លាំងចម្រុះ ដែលរួមសហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញ រួមជាមួយប្រជានេសាទមួយចំនួន ដែលអនុវត្តបានល្អតាមច្បាប់ជលផល និងការណែនាំរបស់ស្ថាប័នជំនាញក្នុងការប្រកបមុខរបរនេសាទ ។ ជាមួយនោះដែរ កងកម្លាំងចម្រុះទាំងអស់ បានរួមសហការគ្នាក្នុងការការពារទប់ស្ចាត់និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ទទួលបានលទ្ធផលប្រសើរ ដើម្បីរក្សាធនធានមច្ឆជាតិរបស់យើង ទុកសម្រាប់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងកូនចៅយើងនៅជំនាន់ក្រោយៗទៀត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់  សូមមេត្តា កុំប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ ដែលនាំឲ្យមានទោសដល់ខ្លួន និងបង្កផលលំបាកដល់ក្រុមគ្រួសារ នីមួយៗ និងសហគមន៍យើង ។ ដូច្នេះសំណូមពរសុំឱ្យយើងទាំងអស់គ្នា ត្រូវចូលរួមអនុវត្តតាមច្បាប់ និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង  ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកតែងតែគិតគូរដោះស្រាយចំពោះប្រជាពលរដ្ឋទូទៅ នៅគ្រប់ទិសទី ដើម្បីសង្គមជាតិយើងទាំងមូល ។

នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាសាទ ដែលមានជីវភាពលំបាកខ្វះខាតទាំងចំនួន ៥៥​ គ្រួសារ​ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ ២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន ២យួរ និងត្រីខកំប៉ុងចំនួន១យួរ ផងដែរ៕

ដោយ៖ សំនៀង

To Top