ព័ត៌មានជាតិ

ក្នុងទិវាសុខភាពមករដូវ ! អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ អំពាវនាវឱ្យមានសមធម៌អំឡុងពេលមានរដូវ

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥) អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ប្រចាំប្រទេសកម្ពុជា បានរៀបចំទិវាសុខភាពពេលមករដូវ នៅវិទ្យាល័យឬស្សីកែវ រាជធានីភ្នំពេញ ខណៈ AHF អំពាវនាវឱ្យមានសមធម៌អំឡុងពេលមានរដូវ។

ទិវាសុខភាពពេលមករដូវ មានគោលបំណងដើម្បីកាត់បន្ថយការមាក់ងាយ ការមិនបានយកចិត្តទុកដាក់ និងកាត់បន្ថយកង្វះខាតសម្ភារៈអនាម័យពេលមករដូវ។ ទិវាសុខភាពពេលមករដូវកំពុង នឹងត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ នៅថ្ងៃទី២៨ ខែឧសភា។

លោក សាំង សុផល ប្រធានការិយាល័យសុខភាពសិក្សា នៃមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានលើកឡើងថា សម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិ តែងតែផ្តល់អាទិភាពខ្ពស់ ដល់ស្ថានភាពសុខភាពក្មេងស្រី និងស្ត្រី គ្រប់រូបភាព សង្គម នយោបាយ ឱកាស និងការអភិវឌ្ឍសមត្ថភាព ដោយបានកំណត់ច្បាស់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងផែនការសកម្មភាព រួមជាមួយយន្តការអនុវត្តប្រទាក់ក្រឡា ដែលមានក្រសួងកិច្ចការនារី ជាសេនាធិការ ។

រាជរដ្ឋាភិបាល អាណត្តិថ្មី ក្រោមការដឹកនាំដ៏សកម្មរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គោលជំហរនយោបាយនេះ នៅតែបន្តពង្រឹង និងអនុវត្ត ហើយការផ្តល់អាទិភាពដល់ស្ត្រីនៅតាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ ព្រមទាំងវិធានការនានា សំដៅដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រីកម្ពុជាត្រូវបាន ដាក់ចេញ អនុវត្តយ៉ាងសកម្ម។

ចំណែក លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេស នៃអង្គការ មូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានឱ្យដឹងថា ការរៀបចំទិវាសុខភាពពេលមករដូវនេះ ក្នុងគោលបំណងដើម្បីកាត់បន្ថយការមាក់ងាយ ការមិនបានយកចិត្តទុកដាក់ និងកាត់បន្ថយកង្វះខាតសម្ភារៈអនាម័យពេលមករដូវ ហើយ ទិវាសុខភាពពេលមករដូវ កំពុងត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅថ្ងៃទី ២៨ ខែឧសភា។

សូមបញ្ជាក់ថា នៅទូទាំងពិភពលោក ស្ត្រី និងកុមារី ជាពិសេក្នុងអនុតំបន់អាហ្រ្វិកសាហារ៉ា ប្រឈមមុខនឹងការឆ្លងមេរោគអេដស៍ខ្លាំង។ កង្វះការទទួលបានសំឡីនាម័យបង្ខំឱ្យក្មេងស្រីជាច្រើនខកខានមិនបានចូលរៀន និងបោះបង់ចោលការសិក្សា បោះបង់ការងារ។ ទាំងនេះហើយដែលនាំមានកើនឡើងនូវទំនាក់ទំនងមានការរួមភេទ ជាមួយការខ្វះខាតជំនាញក្នុងការចរចាការរួមភេទប្រកបដោយសុវត្ថិភាព និងមិនមានហានិភ័យខ្ពស់នៃការឆ្លងមេរោគអេដស៍។

អង្គការ AHF រំលឹកទិវាសុខភាពពេលមករដូវទូទាំងពិភពលោកនេះ គឺជាកិច្ចខិតខំប្រឹងប្រែងជាយុទ្ធសាស្រ្តក្នុងការបង្ការការឆ្លងមេរោគអេដស៍ ឲ្យកាន់តែទូលំទូលាយទំនាក់ទំនងសុខភាពពេលមករដូវ និងមេរោគអេដស៍ ហើយលើកកម្ពស់លទ្ធភាពក្នុងការទទួលបានផលិតផលសុខភាពសម្រាប់ពេលមករដូវ ព្រមទាំងការរួមបញ្ចូលព័ត៌មាន និងសេវាសុខភាពផ្លូវភេទ និងបន្តពូជ ធានាស្ត្រី និងកុមារី/អ្នកដែលមករដូវទទួលបានសំឡីអនាម័យ ស្រោមអនាម័យ និងការថែទាំសំខាន់ៗ។

ប្រជាជនប្រមាណជិត ២ពាន់លាននាក់ មានរដូវនៅទូទាំងពិភពលោក ប៉ុន្តែក្នុងនោះ មាន ៥០០លាននាក់ជួបប្រទះភាពលំបាកក្នុងពេលមានរដូវ រួមទាំងកង្វះលទ្ធភាពទទួលបានផលិតផលសុខភាពសម្រាប់ពេលមករដូវ ខ្វះកន្លែងសុវត្ថិភាព និងខ្វះអនាម័យ និងការទទួលយកសហគមន៍។ ឧបសគ្គទាំងនេះ រួមជាមួយនឹងការមាក់ងាយ អាចនាំទៅរកលទ្ធផលប៉ះពាល់សុខភាព ការបោះបង់សាលារៀន និងផលប៉ះពាល់សុខភាពផ្លូវចិត្ត។ ទិវាសុខភាពមករដូវនេះ «សូមយើងចូលរួមប្រយុទ្ធប្រឆាំងនឹងភាពលំបាក និងបញ្ចប់ការមាក់ងាយ»៕

To Top