ព័ត៌មានជាតិ

កម្ពុជា ត្រៀមខ្លួនជានិច្ចទទួលស្វាគមន៍ និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរ និងវិនិយោគិនចិន

ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជា ត្រៀមខ្លួនជានិច្ចទទួលស្វាគមន៍ និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរ និងវិនិយោគិនចិន និងសូមអញ្ជើញមកទស្សនា និងវិនិយោគនៅកម្ពុជា ប្រកបដោយភាពទុកចិត្ត និងភាពកក់ក្តៅ។

ការលើកឡើងរបស់ លោក វង្សី វិស្សុត នាឱកាសអញ្ជើញជាអធិបតីបើកឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥” អមដោយការសម្តែងសិល្បៈពិសេស “សម្រស់កម្ពុជា-ជាំងស៊ូ” នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ស៊ូ ឃុនលីន អភិបាលខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន, លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានបង្ហាញជំនឿយ៉ាងមុតមាំថា ចំណងមិត្តភាពដែកថែបរវាងកម្ពុជា-ចិន ដែលបានឆ្លងកាត់ការសាកល្បងជាបន្តបន្ទាប់ នឹងកាន់តែរឹងមាំជាលំដាប់ ហើយនឹងបន្តសម្រេចបានសមិទ្ធផលជាផ្លែផ្កាឥតឈប់ឈរ ដូចសុភាសិតចិនមួយពោលថា «មិត្តភាព គឺដូចជាស្រា-កាន់តែចាស់កាន់តែយូរ កាន់តែល្អ»។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានបន្តថាផ្អែកលើប្រវត្តិនៃចំណងទាក់ទងរវាងកម្ពុជា-ចិនរាប់ពាន់ឆ្នាំរហូតមកទល់នឹងសព្វថ្ងៃនេះ បានបង្ហាញថា ចិនជាមិត្តល្អដែលកម្ពុជាអាចពឹងពាក់បាន ហើយមិត្តភាពដ៏រឹងមាំនេះមិនអាចបំបែកបានឡើយ។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏មានប្រសាសន៍ផងដែរថា ក្នុងរយៈពេល ៦៧ឆ្នាំ នៃប្រវត្តិទំនាក់ទំនងការទូតសម័យទំនើបរវាងប្រទេសទាំងពីរ, កម្ពុជា-ចិនសម្រេចបាននូវទំនាក់ទំនងយ៉ាងស្អិតរមួត និងរីកចម្រើនគ្រប់វិស័យ ហើយបានក្លាយជាគំរូមួយសម្រាប់ទំនាក់ទំនងរវាងប្រទេសនិងប្រទេស។ កម្ពុជាបន្តគាំទ្រនូវគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” របស់ចិន ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកពង្រឹងសាមគ្គីភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងបណ្តាប្រទេសទាំងក្នុងតំបន់ និងពិភពលោក លើវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ទេសចរណ៍, ការវិនិយោគ, ហេដ្ឋារចនាសម្ព័ន្ធ, ការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានបន្តថា ទេសចរណ៍ និងវិនិយោគចិន គឺជាប្រភពទីផ្សារដ៏សំខាន់បំផុតមួយ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តខិតខំពង្រឹងការត្រៀមលក្ខណៈសម្បត្តិទទួលភ្ញៀវទេសចរចិន ហើយមានជំនឿជាក់ថា កិច្ចខិតខំប្រឹងប្រែងនេះ ពិតជានឹងបង្កើនភាពទាក់ទាញទេសចរ និងវិនិយោគិនបន្ថែមពីចិន ពិសេសពីខេត្តជាំងស៊ូ មកទស្សនា និងវិនិយោគនៅកម្ពុជាបន្ថែមទៀត ប្រកបដោយសុវត្ថិភាព និងគុណភាព ជាពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុតែម្តង។ បន្ថែមពីនេះ លោក ក៏បានស្នើឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ពីចិនមកកាន់កម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត និងលើកទឹកចិត្តដល់ប្រជាជនកម្ពុជា-ចិន ឱ្យធ្វើដំណើរទៅវិញទៅមករវាងប្រទេសទាំងពីរ៕

To Top