ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់កសិករដាំទុរេន ឱ្យអនុវត្តកម្មវិធីកសិកម្មល្អឱ្យបានខ្ជាប់ខ្ជួន ដើម្បីរក្សាកេរ្តិ៍ឈ្មោះល្អ របស់ទុរេនកម្ពុជា។

លោករដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករដាំទុរេន នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ឧសភា ដើម្បីក្តាប់ស្ថានភាពផលិតកម្ម ស្តាប់សំណូមពរ និងផ្តល់ការគាំទ្រចាំបាច់។

លោករដ្ឋមន្ត្រី ពិតជារីករាយដែលបានស្តាប់ឮផ្ទាល់ថា កសិករដាំទុរេននៅឃុំអូរសោមទទួលបានប្រាក់ចំណេញច្រើន និងកំពុងបង្កើនការដាំដុះបន្ថែមដើម្បីត្រៀមផ្គត់ផ្គង់ទៅទីផ្សារប្រទេសចិន នាពេលខាងមុខ ក្រោយពីរាជរដ្ឋាភិបាលសម្រេចបានការបើកទីផ្សារ ដើម្បីនាំចេញទុរេនកម្ពុជាទៅប្រទេសចិន កាលពីខែមេសាកន្លងទៅ។
ជាក់ស្តែង កសិករមួយរូបដែលមានផ្ទៃដីដាំដុះទុរេនចំនួន ៣០ហិកតា អះអាងថា លោក អាចរកបានប្រាក់ចំណេញប្រមាណ ២៥ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ។ ជាមួយគ្នានេះ កសិករមួយរូបទៀតកំពុងសាងសង់ឃ្លាំងវេចខ្ចប់ទុរេនអូរសោម ដើម្បីសាកល្បងនាំចេញទៅប្រទេសចិន នាពេលខាងមុខផងដែរ។

លោក រដ្ឋមន្ត្រី បានផ្តាំផ្ញើ និងលើកទឹកចិត្តបងប្អូនកសិករដាំទុរេនឱ្យអនុវត្តកម្មវិធីកសិកម្មល្អឱ្យបានខ្ជាប់ខ្ជួនដើម្បីរក្សាកេរ្តិ៍ឈ្មោះល្អរបស់ទុរេនកម្ពុជា ហើយក្រសួងនឹងផ្តល់ការគាំទ្រចាំបាច់ រួមមានការចុះបញ្ជីចម្ការ ការប្រើប្រាស់ជីនិងថ្នាំកសិកម្មឱ្យមានប្រសិទ្ធភាព ព្រមទាំងការចាត់មន្ត្រីចុះមកពិនិត្យ និងវាយតម្លៃការរៀបចំឃ្លាំងវេចខ្ចប់ទុរេនសម្រាប់នាំចេញនេះឱ្យត្រូវតាមស្តង់ដារដែលប្រទេសចិនតម្រូវ។
ជាងនេះទៀត ក្រសួងគ្រោងនឹងបង្កើតស្ទីកឃ័រកំណត់ប្រភពកសិផលកម្ពុជាក្នុងទម្រង់ជា QR Code ដើម្បីជួយបង្ការការក្លែងបន្លំប្រភពកសិផលកម្ពុជា ក៏ដូចជាបង្កើនទំនុកចិត្តរបស់អ្នកទិញ និងអ្នកទទួលទាន៕
