ភ្នំពេញ៖ លោកស្រីដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើនចាត់ទុកថា« ផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street) គឺជាបុណ្យអុំទូកនាចុងសប្តាហ៍នៅរាជធានីភ្នំពេញ។

ការចាត់ទុករបស់ប្រជាពលរដ្ឋខាងលើនេះ កើតមានឡើងដោយសារតែ ផ្លូវថ្មើរជើង (Walk Street) កំពុងទទួលបានប្រជាប្រិយ៍ភាពកាន់តែខ្លាំងឡើងៗ ដែលល្បីរហូតដល់ក្រៅប្រទេស តាមរយៈប្រពន្ធ័ផ្សព្វផ្សាយធំៗលើពិភពលោក។

រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅពេលចំនួនប្រជាពលរដ្ឋនៅផ្លូវថ្មើរជើង (Walk Street) កើនឡើងឥតឈប់ឈរ។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៅផ្លូវថ្មើរជើង (Walk Street) កាលពីថ្ងៃទី២៣ឧសភា នៅសាលារាជធានីភ្នំពេញ កន្លងទៅ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ឥឡូវនេះចំនួន ប្រជាពលរដ្ឋមកលេងកំសាន្ត នៅផ្លូវថ្មើរជើងកាន់តែកើនឡើង ក៏កើតមានបញ្ហាខ្វះចន្លោះខ្លះ ទៅលើបញ្ហាការលក់ដូរ បញ្ហាចំណតនិងបញ្ហាបរិស្ថាន ដែលត្រូវតែធ្វើការកែលម្អរ។ ក្រោមការដឹកនាំនិងការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ទៅលើការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅផ្លូវថ្មើរជើង (Walk Street) ។

បន្ថែមលើនេះ លោក ហួត ហៃ បានឱ្យដឹងក្នុងកិច្ចប្រជុំនេះថា ក្រុមការងារបានផ្តោតសំខាន់ លើការសំអាតសំរាម , ការកំណត់ចំនួនស៊ីក្លូ ឱ្យចូលផ្លូវថ្មើរជើងតែ១៤គ្រឿងក្នុងមួយថ្ងៃ(សៅរ៏ និងអាទិត្យ) ដោយឆ្លាស់គ្នាសំរាប់ចូលដឹកភ្ញៀវ ដែលលំបាកក្នុងការធ្វើដំណើរ។ ចំពោះបញ្ហាធុងសំរាមដែលរដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យដាក់លើផ្លូវថ្មើរជើង (Walk Street)ទេ គឺត្រូវដាក់លើចិញ្ចើមផ្លូវ។ តែអ្នកលក់ដូរតែងរុញចេញ ដើម្បីញែកកន្លែងសម្រាប់លក់ដូរ។

ជាមួយគ្នានេះ លោក ហួត ហៃ បានគូសបញ្ជាក់ថា មកដល់ពេលនេះផ្លូវថ្មើរជើង (Walk Street) មានអាយុ១៥សប្តាហ៍ហើយ និងបានសង្កេតឃើញថា រយៈពេល២-៣សប្តាហ៍ចុងក្រោយនេះ ការបាត់សណ្តាប់ធ្នាប់ហាក់មានការកើនឡើង ដែលបញ្ហានេះជាផ្នែកពាក់ព័ន្ធ ត្រូវតែមានវិធានការដោះស្រាយ និងរៀបចំឱ្យបានល្អប្រសើរ ជាពិសេសអាជ្ញាធរខណ្ឌដូនពេញ ទទួលខុសត្រូវផ្នែកសណ្តាប់ធ្នាប់។ ចំណែកច្រកចេញ ចូលកាត់ទទឹងមានផ្លូវលេខ១៥៤ និងផ្លូវផ្សេងៗទៀត ត្រូវតែរៀបចំឱ្យមានសណ្តាប់ធ្នាប់ល្អ មិនត្រូវបិទផ្លូវទេ ចំពោះអ្នកផ្ញើរមធ្យោបាយធ្វើដំណើរផ្សេងៗ។


ក្នុងនោះក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌដូនពេញ បង្កើតលេខាធិការដ្ឋាន រួមទាំងដាក់វេនប្រចាំការជាប្រចាំ ដើម្បីរងចាំដោះស្រាយបញ្ហាបន្ទាន់ៗ នៅទីតាំងផ្លូវថ្មើរជើង (Walk Street)៕
