ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានទាញការកត់សម្គាល់ ចំពោះករណីជាក់ស្ដែងមួយ ដែលប្រជាពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំង បង្ហាញភាពជាគំរូ នៅក្នុងការអនុវត្ត គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថភាព តាមរយៈការរាយការណ៍ ករណីសង្ស័យនៅមូលដ្ឋានរបស់ខ្លួន ទៅកាន់សមត្ថកិច្ចរហូតឈានទៅដល់ការបង្ក្រាប ករណីជនបរទេសលួចលាក់ប្រព្រឹត្តិ អំពើឆបោកតាមប្រព័ន្ធអនឡាញ ។
ការសរសើរចំៗរបស់អ្នកនាំពាក្យ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ច នគរបាលខេត្តកំពង់ឆ្នាំង បានចុះបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ និងបានចាប់ខ្លួន ឧក្រិដ្ឋជនសរុប២៤នាក់ ក្នុងនោះមានជនជាតិខ្មែរ១នាក់ វៀតណាម២១ និងចិន២នាក់ ដោយបានរឹបអូសទូរស័ព្ទ និងកុំព្យូទ័រ នាថ្ងៃទី២៣ខែ ឧសភា ឆ្នាំ២០២៥។ បើតាមសមត្ថកិច្ច ក្រុមឧក្រិដ្ឋជនទាំងនោះ បានប្រើប្រាស់ទីតាំងផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិ ក្រឡាញ់ សង្កាត់ក្រុង កំពង់ឆ្នាំ ដើម្បីឆបោកប្រាក់ និងជំរិតទារប្រាក់ពីអ្នកខ្ចីប្រាក់តាមអនឡាញ នៅប្រទេសវៀតណាម។
យោងតាមរបាយការណ៍ តម្រុយដែលឈាន រហូតដល់សមត្ថកិច្ចចុះទៅបង្ក្រាបការធ្វើប្រតិបត្តិការនោះ គឺដោយតែមានប្រជាពលរដ្ឋ នៅតំបន់នោះចូលរួមរាយការណ៍ ដ្បិតពីដំបូងឡើយ ជនបរទេសទាំងនោះប្រាប់ម្ចាស់ទីតាំងថា គ្រាន់តែជួលស្នាក់២ទៅ៣នាក់ប៉ុណ្ណោះ ក្រោយមកអ្នករស់នៅក្បែរខាងក៏សង្ស័យ ដោយពួកគេឃើញ មានជនបរទេសចេញចូលច្រើនទៅៗ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋ រាយការណ៍ទៅកាន់សមត្ថកិច្ចដើម្បីចុះមកត្រួតពិនិត្យទីតាំង និង ឈានដល់ការបង្ក្រាបតែម្ដង។
អ្នកនាំពាក្យដដែល បានលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ទាំងអស់មានស្មារតី មនសិការចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន របស់ខ្លួនតាមរយៈសកម្មភាពដូចដែលពលរដ្ឋនៅខេត្តកំពង់ឆ្នាំងបានធ្វើ គឺត្រូវរាយការណ៍រាល់សកម្មភាពសង្ស័យណាមួយពាក់ព័ន្ធ នឹងបទល្មើសគ្រឿងញៀនក្ដី អំពើហិង្សាក្ដី និងអំពើឆបោកនានាដែលនាំឱ្យប៉ះពាល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដោយសមត្ថកិច្ចទាំងនគរបាល និងកងរាជអាវុធហត្ថ នឹងធ្វើការតាមជំនាញ មិនឱ្យប៉ះពាល់សុវត្ថិភាពប្រជាពលរដ្ឋឡើយ៊
សូមបញ្ជាក់ថា កន្លងមកសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំជារឿយៗឱ្យសមត្ថកិច្ចមូលដ្ឋានយកចិត្តទុកដាក់អនុវត្តគោល នយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ប៉ុន្តែបានទទូចថា គោលនយោបាយនេះ អាចជោគជ័យទៅបាន លុះត្រាតែមានការចូលរួមពីសំណាក់ បងប្អូនប្រជាពលរដ្ឋផងដែរ៕
