ព័ត៌មានជាតិ

កម្ពុជា-ឡាវ-វៀតណាម ពេញចិត្តលើការរីកចម្រើន នៃទំនាក់ទំនង និងបានជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ និងវៀតណាម បានសម្ដែងនូវការពេញចិត្ត ចំពោះការរីកចម្រើននៃទំនាក់ទំនង រវាងប្រទេសទាំង៣ ថែមទាំងបានជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យសក្ដានុពលជាច្រើនផងដែរ ។

ការជំរុញរវាងប្រមុខរដ្ឋាភិបាលទាំង៣ខាងលើនេះ ធ្វើឡើងក្នុងពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម​ ក្នុងជំនួបពិសារអាហារពេលព្រឹក ជាមួយលោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីឡាវ និងលោក ផាម មិញ ជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន​ លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ក្នុងជំនួបអាហារពេលព្រឹក នាយករដ្ឋមន្ត្រីទាំងបី បានសម្ដែងនូវការពេញចិត្ត ចំពោះការរីកចម្រើននៃទំនាក់ទំនង និងបានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យដែលត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់។

ជាមួយគ្នានេះ, ប្រមុខរដ្ឋាភិបាលទាំងបី បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យសក្ដានុពលជាច្រើន រួមមាន៖ វិស័យពាណិជ្ជកម្ម, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ថាមពល (អគ្គិសនី), ទេសចរណ៍ ព្រមទាំងសន្តិសុខ និងការពារជាតិ ។

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលទាំងបី ក៏បានផ្លាស់ប្ដូរមតិយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ៕

To Top