ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា ក្រសួង នៅតែបន្តមាន ឆន្ទៈខ្ពស់ក្នុងការធានាមិន ឱ្យប្រទេសកម្ពុជា រអិលចូលទៅក្នុងបញ្ជីប្រផេះជាថ្មីទៀត និងផ្ទុយទៅវិញ មានតែបន្តប្រឹងប្រែង ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំង នឹងអំពើសម្អាតប្រាក់។

ពីវេទិការអធិបតី នៃពិធីបិទសិក្ខាសាលា ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងលើកទឹកចិត្តដល់ មន្ត្រីពាក់ព័ន្ធក្នុងសមត្ថកិច្ចប្រឆាំងការសម្អាតប្រាក់ រួមទាំងការងារប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ និងការងារប្រយុទ្ធប្រឆាំងនូវអំពើជួញដូរមនុស្ស បន្តការខិតខំប្រឹងប្រែង ធ្វើការងារ តាមតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អ ជាជាងមានក្តីទោមនស្ស ចំពោះការវាយតម្លៃ ពីក្រុមអ្នកស្រាវជ្រាវ ឬការរបាយការណ៍ចេញពីស្ថាប័ន ណាមួយ ដែលមិនឆ្លុះបញ្ចាំងពីការពិត អំពីការខិតខំប្រឹងប្រែង របស់មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ។

ជុំវិញការងារប្រឆាំងការសម្អាត ប្រាក់នៅកម្ពុជា លោក ឧបនាយករដ្ឋមន្ត្រី បានរំឭកអំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលនីតិកាលទី៦ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលពេលនោះ មានសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ បច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ជាសេនាធិការ បាន បង្កើតនូវយន្តការ ទាំងយន្តការច្បាប់ និងយន្តការអនុវត្តការងារ ជាច្រើនរហូតឈានដល់ការរំដោះប្រទេសកម្ពុជា ចេញពីបញ្ជីប្រផេះ ប្រឆាំងការសម្អាតប្រាក់ ដែលដាក់ដោយអង្គការហ្វាត (FATF)។

បើតាមប្រមុខក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក្នុងនោះក៏មាន ក្រសួងមហាផ្ទៃជាសេនាធិការ លើការងារមួយចំណែក នៃការប្រយុទ្ធប្រឆាំងការ សម្អាតប្រាក់ នៅតែបន្តមានឆន្ទៈខ្ពស់ក្នុងការធានាមិនឱ្យប្រទេសកម្ពុជា រអិលចូលទៅក្នុងបញ្ជីប្រផេះជាថ្មីទៀត និងផ្ទុយទៅវិញមាន តែបន្តប្រឹងប្រែង ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងអំពើសម្អាតប្រាក់ រួមទាំងអំពើឆបោក តាមប្រព័ន្ធឡាយ និងជួញដូរមនុស្ស ដែលជាបទល្មើសមានការប្រឈមជាសកល។

ជាក់ស្ដែង សិក្ខាសាលា ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការ រីកសាយភាយអាវុធ មហាប្រល័យនាថ្ងៃនេះ ត្រូវបានប្រមុខ ក្រសួងមហាផ្ទៃកម្ពុជា ចាត់ទុកជាសក្ខីភាពថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងឱ្យឃើញអំពីឆន្ទៈរបស់ក្រសួងមហាផ្ទៃ នៅក្នុងការផ្សព្វផ្សាយទ្រឹស្ដី និងបទពិសោធន៍នៃការអនុវត្ត ទាំងពីជុំវិញពិភពលោក រួមទាំងបទពិសោធន៍ដែលកម្ពុជាបានធ្វើ ដើម្បីឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់មានការយល់ដឹង និងបន្តរួមគ្នាធ្វើការនានាបានល្អប្រសើរថែមទៀត លើការប្រឆាំងការសម្អាតប្រាក់៕
