ភ្នំពេញ ៖ ក្រោយពីមានកិច្ចសន្យា ពីឯកអគ្គរដ្ឋទូតរុស្ស៊ី អំពីការបង្កើតជើងហោះហើរត្រង់ រវាងកម្ពុជានិងរុស្ស៊ី នាពេលកន្លងមកនោះ ជាថ្មីម្តងទៀត នៅព្រឹកថ្ងៃ២៧ ឧសភានេះ ក្នុងឱកាសអនុញ្ញាត ឲ្យលោក Igor Krasnov អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្សីចូលជួបសម្ដែងការគួរសម សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានស្នើឲ្យលោក ជួយជម្រុញបន្ថែមទៀត ឲ្យមានការបង្កើតជើងហោះហើរត្រង់ពីទីក្រុងមូស្គូ ប្រទេសរុស្ស៊ីមកកាន់រាជធានីភ្នំពេញ ឲ្យបានឆាប់ៗនាពេលខាងមុខ ដើម្បីបង្កើនទំនាក់ទំនង ជាមួយគ្នាបន្ថែមទៀត លើវិស័យទេសចរណ៍ ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានមានប្រសាសន៍ក្រោយបញ្ចប់កិច្ចជំនួបថា សម្តេចតេជោ បានរំលេចឡើងវិញផងដែរ អំពីការបង្កើនទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរបន្ថែមទៀត តាមរយៈការជម្រុញ ឲ្យមានការបង្កើតជើងហោះហើរត្រង់ ពីរុស្ស៊ីមកកម្ពុជា ។

អ្នកនាំពាក្យបន្តថា “សម្តេចតេជោបានស្នើ ក៏ដូចជាជម្រុញបន្ថែមទៀត ឲ្យរុស្ស៊ីបង្កើតជើងហោះហើរត្រង់ពីមូស្គូ មកកាន់ប្រទេសកម្ពុជា ឲ្យបាននាពេលដ៏ឆាប់ខាងមុខ ដែលសម្តេចបានគូសបញ្ជាក់ថា នៅពេលដែលរុស្ស៊ីមានជើងហោះហើរត្រង់ មកកាន់កម្ពុជា ជាកក្តាជម្រុញបន្ថែមទៀតនៃទំនាក់ទំនង រវាងប្រទេសទាំងពីរ ក៏ដូចជារវាងប្រទេស និងប្រជាជននឹងបង្កើន ទេសចរណ៍ផងដែរ”។
បើតាមលោកជា ធីរិទ្ធ ឆ្លៀតឱកាសនៃជំនួបនោះ សម្តេចតេជោក៏បានស្នើឲ្យភាគីទាំងពីរប្រទេសជម្រុញផ្នែកពាណិជ្ជកម្មនិងសេដ្ឋកិច្ចជាមួយគ្នាបន្ថែមទៀត។

ជាការឆ្លើយតប អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្សី នឹងរាយការណ៍ ចំពោះសំណើ របស់សម្តេចតេជោជុំវិញការជម្រុញ ឲ្យមានការហោះហើរត្រង់ ទៅប្រធានាធិបតី រុស្ស៊ី លោក ល្លាមឌីមៀល ពូទីន ដើម្បីធ្វើយ៉ាងណាឲ្យមានជើងហោះហើរ ត្រង់ពីរុស្ស៊ីមកកាន់កម្ពុជាឲ្យបានឆាប់ៗ នាពេលខាងមុខ។ ជាមួយគ្នានេះអគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្សីសង្ឃឹមថា នឹងមានការក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល របស់រុស្ស៊ីនឹងសិក្សាពីលទ្ធភាព នៃការបណ្តាក់ទុនបើកការហោះហើរត្រង់ ពីរុស្ស៊ីមកកម្ពុជា ដើម្បីពង្រីកទំនាក់ទំនង និងដោះដូរភ្ញៀវទេសចរណ៍ជាមួយគ្នាទៅវិញទៅមក ។
សូមបញ្ជាក់ថា តាំងពីអតីតឯកអគ្គរដ្ឋទូតរុស្ស៊ីលោក ឌីមីទ្រី ស្វឺតខូវ កាលពីអំឡុងឆ្នាំ២០១៩បានអះអាងនៅចំពោះមុខលោក ថោង ខុន អតីតរដ្ឋមន្រ្តីក្រសួងទេសចរណ៍ខ្មែរថា នឹងសន្យាជម្រុញឲ្យមានជើងហោះហើរត្រង់ពីរុស្ស៊ីមកកាន់កម្ពុជា ។ សម្រាប់ជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីចុងឆ្នាំ២០២៤លោក Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នាពេលបច្ចុប្បន្នក៏បានសន្យាដូចគ្នាទៅនឹងអតីតទូតលោក ឌីមីទ្រី ស្វឺតខូវផងដែរ ៕
