ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន បានឯកភាពជំរុញបន្ថែមទៀត នូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន, ការជំរុញវិស័យទេសចរណ៍ និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់រវាង កម្ពុជា-ចិន ឱ្យកាន់តែច្រើនថែមទៀត។

ការលើកឡើងរបស់ ភាគីទាំងពីរ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ក្នុងឱកាសនៃជំនួប, លោក លី ឈាង នាយករដ្ឋមន្ត្រីចិន បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ សម្តេចបវរធិបតីជាថ្មីម្តងទៀត ។ លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំនួបជាញឹកញាប់ រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ឆ្លុះបញ្ចាំងពីភាពរឹងមាំ និងការរីកចម្រើននៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងជាមិត្តដែកថែបកម្ពុជា-ចិន។

ជាការឆ្លើយតប សម្តេចបវរធិបតី បានឯកភាពអំពីសារៈសំខាន់នៃជំនួបកម្រិតថ្នាក់ដឹកនាំប្រទេសក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគី ព្រមទាំងបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រះរាជាណាចក្រកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ ដែលតាមរយៈដំណើរទស្សនកិច្ចនេះ ចំណងមិត្តភាពកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកកាន់តែខ្លាំងក្លាថែមទៀត។

ជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ ជាពិសេសការពេញចិត្ត នៃការដំឡើងកម្រិតដល់ «ការកសាងសហគមន៍ វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី» ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពបន្តលើក កម្ពស់ទំនាក់ទំនងលើគ្រប់វិស័យ ឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត តាមរយៈការប្រែក្លាយផែនការនានា ឱ្យចេញជាសកម្មភាពជាក់ស្តែង។

ជាពិសេស ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ, ការពារជាតិ និងសន្តិសុខ, អប់រំ, បច្ចេកវិទ្យា, ឧស្សាហកម្ម និងកសិកម្មតាមរយៈការជំរុញកិច្ចសហប្រតិបត្តិការ «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រករបៀងមច្ឆានិងអង្ករ»៕


