ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ជួបពិភាក្សា ជាមួយទីភ្នាក់ងារ បរិមាណូអន្តរជាតិ លើការបណ្តុះបណ្តាល អ្នកជំនាញមហារីក

ភ្នំពេញ ៖ ក្នុងឱកាសចូលរួម ព្រឹត្តិការណ៍ នៃមហាសន្និបាតអង្គការ សុខភាពពិភពលោក លើកទី៧៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឆ្លៀតឱកាសអញ្ជើញចូលរួមជំនួប ជាមួយទីភ្នាក់ងារបរិមាណូអន្តរជាតិ (IAEA) ដើម្បីពិភាក្សាការងារបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាលកម្ពុជា ជាមួយទីភ្នាក់ងារបរិមាណូអន្តរជាតិ។

កិច្ចពិភាក្សារវាងភាគីទាំងពីរ លើប្រធានបទគន្លឹះសំខាន់រួមមាន៖ ១-បន្តពង្រីកការបណ្តុះបណ្តាលអ្នកជំនាញ មហារីកលើការព្យាបាលដោយវិទ្យុសកម្ម ពីអ្នកជំនាញវេជ្ជសាស្ត្រនុយក្លេអ៊ែរ , ២-បន្តពង្រីកការចូលរួមពីអ្នកជំនាញ មហារីកកម្ពុជា និងអ្នកពាក់ព័ន្ធ ក្នុងបណ្តាញជំនាញ មហារីកអន្តរជាតិ ដែលអនុញ្ញាតនាំ ឲ្យមានការទាន់ ពេលវេលា និងទទួលបានព័ត៌មានទូលំទូលាយ , ៣-ពាំនាំឲ្យមានការគាំទ្រកាន់តែប្រសើរបន្ថែមទៀត ចំពោះមជ្ឈមណ្ឌល មហារីក ទាំងជាតិ រួមទាំងគម្រោងរៀបចំ ថែទាំព្យាបាលជំងឺមហារីកកម្រិតថ្នាក់តំបន់នៅកម្ពុជា និង៤-គាំទ្រសកម្មភាព លើការដាក់ឲ្យអនុវត្តអំពីផែនការ សកម្មភាពជាយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំង មហារីកនៅកម្ពុជា ២០២៥-២០៣០។

នាឱកាសនោះ លោកស្រី លីហ្សា ស្ទីវិនស៍ Lisa Stevens នាយិកាកម្មវិធីប្រយុទ្ធប្រឆាំង និងព្យាបាលមហារីក នៃ IAEA បានសម្តែងអំណរគុណ និងបញ្ជាក់ការគាំទ្រ លើការទទួលស្គាល់របស់ទីភ្នាក់ងារបរិមាណូ អន្តរជាតិ ចំពោះការរីកចម្រើន ជាពិសេសការតាំងចិត្តខ្ពស់ របស់កម្ពុជាលើការបង្ការ ថែទាំ និងព្យបាលអ្នកជំងឺ មហារីកនៅកម្ពុជា ៕

To Top