ព័ត៌មានជាតិ

បង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ ៥នាក់ និងរឹបអូសសារធាតុញៀនជិត ២គីឡូក្រាម ក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ ៖ មន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៥នាក់ រឹបអូសសារធាតុញៀនជិត ២គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

ប្រតិបត្តិការនេះ ធ្វើឡើងអនុវត្ដតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរង ទទួលដឹកនាំកម្លាំងប្រតិបត្តិការ ស៊ើបអង្កេតបង្ក្រាប បទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលដឹកនាំការងាររដ្ឋបាល និង បច្ចេកទេស មន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំង គ្រឿងញៀន កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយមានការដឹកនាំ និងសម្របសម្រួលពីព្រះរាជអាជ្ញាស្តីទី នៃអយ្យការអមសាលាដំបូងសាលាដំបូង ខេត្តព្រះសីហនុ លោក អ៊ីវ ត្រាយ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ២គោលដៅ។

គោលដៅទី១ ស្ថិតនៅចំណុច សណ្ឋាគារ CICI DIAMOND HOTEL ជាន់ទី១០ បន្ទប់៨៨៨៨ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គោលដៅទី២ ស្ថិតនៅចំណុច តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិល្វា សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លទ្ធផល៖ ចាប់ខ្លួនជនល្មើស ០៥នាក់ ស្រី ១នាក់ ក្នងនោះមាន ជនជាតិជាវៀតណាម ០២នាក់(ស្រី១) ជនជាតិចិន០២នាក់ និង ជនជាតិខ្មែរ ១នាក់៖

វត្ថុតាងចាប់យក៖១. គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី(MDMA) ទម្ងន់ ៥០,៨៤ ក្រាម, ២. គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ១ គ.ក្រ ៩៣៩,០៧ ក្រាម, សរុបរួមសារធាតុញៀនទម្ងន់ ១ គ.ក្រ ៩៨៩,៩១ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ តាមនីតិវិធី៕

To Top