ព័ត៌មានជាតិ

ការដោះស្រាយបានបញ្ចប់, កម្មករ នៃក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័ត បានវិលចូលធ្វើការវិញ ខណៈក្រសួង នឹងពិនិត្យមើលការ អនុវត្តលក្ខខណ្ឌការងារ ឱ្យស្របតាមច្បាប់ ដើម្បីធានាពីស្តង់ដា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ

ភ្នំពេញ ៖ ការដោះស្រាយសំណើ របស់កម្មករក្រុមហ៊ុន ដាប់ប៊ែលយូភី ស្ព័ត (ខេមបូឌា)ឯ.ក ត្រូវបានដោះស្រាយបញ្ចប់ទាំងស្រុង លើសំណើចំនួន១០ចំណុច ក្រោមការសម្របសម្រួល ដ៏លឿនរហ័សរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង និងក្រុមជំនាញរបស់ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ខណៈដែលបងប្អូនកម្មករនិយោជិតភាគច្រើនបានចូលធ្វើការវិញហើយ។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា ដែលបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ។

លោក ស៊ុន មេសា បានថ្លែងថា៖«ករណីសំណើរបស់បងប្អូន នៃក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័ត ត្រូវបានដោះស្រាយបញ្ចប់តាំងពីល្ងាចមិញមកម៉្លេះ គឺទាំងក្រុមហ៊ុន ទាំងកម្មករបានយល់ព្រមសម្របសម្រួលគ្នា បើទោះណាចំណុចខ្លះមានភាពលើស និងខ្វះមួយចំនួនដែលមិនមានចែងក្នុងច្បាប់ក៏ដោយ ប៉ុន្តែការឈរលើប្រយោជន៍រួម ក្រុមការងារបានសម្រេចលទ្ធផលប្រកបដោយផ្លែផ្កា»។

លោកបានបន្តថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការដោះស្រាយសំណើ របស់បងប្អូនកម្មករ នៃក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័តដើម្បីធានាថា កម្មករទទួលបានលក្ខខណ្ឌការងារល្អប្រសើរស្របតាមច្បាប់ដែលរដ្ឋាភិបាលបានដាក់ចេញ ហើយភាគីនិយោជកត្រូវអនុវត្ត ឱ្យបាន១០០% ដើម្បីធានាពីអត្ថប្រយោជន៍របស់កម្មករ។ ជាមួយគ្នានេះ ក្រសួងក៏មិនអនុញ្ញាតឱ្យភាគី ណាមួយយកកម្មករធ្វើជាលេស ដើម្បីទាញយកប្រយោជន៍ដែលផ្ទុយពីច្បាប់ផងដែរ។

ចំពោះសំណើ ១០ចំណុចនោះរួមមាន ការថែមម៉ាស៊ីនស្គែនវត្តមានឱ្យច្រើនជាងមុន, សំណើរៀបចំរោងអាហារ, ការសម្រួលម៉ោងពេលដល់ស្រ្តីមានផ្ទៃពោះ និងស្ត្រីមានកូនខ្ចី, ការសម្អាតអនាម័យក្នុងបន្ទប់ទឹក, ការផ្តល់ប្រាក់ថែទាំសុខភាព, ការផ្តល់ប្រាក់ជំនាញ, និងការបើកប្រាក់ឈ្នួលទៀងទាត់ជាដើម។

អ្នកនាំពាក្យក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈបានអះអាងថា «ក្រសួងរីករាយណាស់ដែលក្រុមកម្មករ និងម្ចាស់រោងចក្រមានភាព ចាស់ទុំក្នុងការដោះស្រាយ និងឈរលើប្រយោជន៍រួម ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង នៃបរិយាកាសការងារ និងលក្ខខណ្ឌការងារ ព្រោះរាជរដ្ឋាភិបាលត្រូវការស្តង់ដា ការងារមួយដើម្បីធានាពីសុខុមាលភាពរបស់បងប្អូនកម្មករ និងការធានាបាននូវសង្វាក់ផលិតកម្មនៃរោងចក្រ»។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិមុនៗ ជាពិសេសអាណត្តិទី៧ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវអនុសាសន៍ចំនួន ១០ចំណុចដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីលើកកម្ពស់ដល់វិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងនោះកម្មករនិយោជិត គឺជាអាទិភាពមួយសំខាន់ ដែលរាជរដ្ឋាភិបាលបានគិតគូរ និងផ្ដល់អត្ថប្រយោជន៍ ជាច្រើនដែលនៅក្នុងនោះរួមមាន ការបន្តឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់ប្រចាំឆ្នាំ ការផ្ដល់ការថែទាំសុខភាពដល់សមាជិកក្នុងបន្ទុក និងការបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ រួមទាំងការបណ្តុះបណ្តាលជាដើមដែលនេះ គឺសុទ្ធសឹងតែជាយន្តការគន្លឹះសំខាន់ៗ ដើម្បកែប្រែជីវភាពកម្មករនិយោជិត និងលក្ខខណ្ឌការងារ។

ជាមួយនឹងដំណោះស្រាយ ដែលបានឯកភាពគ្នាកាលពីម្សិលមិញ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង រួមទាំងមន្ត្រីជំនាញរបស់ក្រសួង នៅព្រឹកថ្ងៃទី២៧ ខែឧសភានេះ បានផ្សព្វផ្សាយលទ្ធផលដំណោះស្រាយដែលបានឯកភាពទាំងស្រុង ដើម្បីឱ្យបងប្អូនកម្មករជឿជាក់ និងទុកចិត្តហើយវិលចូលធ្វើការវិញ៕

To Top