ព័ត៌មានជាតិ

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងអគ្គរដ្ឋអាជ្ញារុស្សី វាយតម្លៃជាវិជ្ជមាន​ ចំពោះសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការ កម្ពុជា-រុស្ស៊ី

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី បានអញ្ជើញទទួលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដោយក្នុងជំនួបនោះ ភាគីទាំងពីរ បានរម្លឹកឡើងវិញអំពីសាវតានៃចំណងការទូត ជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ រួមវាយតម្លៃជាវិជ្ជមានចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ កម្ពុជា-រុស្ស៊ី រួមទាំងក្នុងវិស័យមហាផ្ទៃ។

ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ចាប់តាំងពីឆ្នាំ១៩៥៦ សម័យសហភាពសូវៀត និង រដ្ឋកម្ពុជា ដោយបានរួមចំណែកយ៉ាងសំខាន់ដល់ការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ បម្រើដល់ផលប្រយោជន៍ ទៅវិញទៅមកនៃភាគីទាំងពីរ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលរុស្ស៊ី ដែលនៅតែបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការ លើវិស័យអប់រំរវាងប្រទេសទាំងពីរ ដែលចាប់តាំងពីរឆ្នាំ១៩៨០ រហូតមក ភាគីរុស្ស៊ី បានទទួលសិស្សនិស្សិតកម្ពុជា ទៅបន្តការសិក្សា អប់រំលើមុខជំនាញផ្សេងៗ។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្ដីពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ ដែលកិច្ចប្រជុំនេះគឺ ជាយន្តការដ៏មានសារៈសំខាន់ណាស់ ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រវាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ។ ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងប្រទេសទាំងពីរ កម្ពុជា-រុស្ស៊ី និងបានថ្លែងអំណរគុណ ដល់ស្ថាប័ននានា នៃភាគីរុស្ស៊ី ដែលបានផ្ដល់វគ្គបណ្ដុះបណ្ដាល ជាច្រើនលើជំនាញផ្សេងៗដល់មន្ត្រីនគរបាលជាតិកម្ពុជា ។

ជាការឆ្លើយតប លោក អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) ក៏បានធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់ការិយាល័យអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី ដែលមានផ្អែកមួយចំនួនអាចមានលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការណាមួយជាមួយក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាគ្រឿងញៀន ជាដើម៕

To Top