ព័ត៌មានជាតិ

អង្គរវ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀមផ្តល់កញ្ចប់ទស្សនៈកិច្ច​សម្រាប់សិស្ស​ លោកគ្រូ-អ្នកគ្រូ ក្នុងម្នាក់តែ ១ម៉ឺនរៀល​

សៀមរាប៖ អ្នកសម្របសម្រួលទីផ្សារ និងការលក់ អង្គរវ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម (Angkor Wildlife & Aquarium) លោក កូរ ផល្លី​ស បានលើកឡើងថា “សម្រាប់វិស័យអប់រំ យើងមានកញ្ចប់ទស្សនៈកិច្ចពិសេសមួយ​សម្រាប់សិស្សានុសិស្សនៅក្នុងខេត្តសៀមរាប យើងផ្តល់តម្លៃពិសេស ក្នុងម្នាក់តែ១ម៉ឺនរៀលទេ ទាំងសិស្ស និងលោកគ្រូ-អ្នកគ្រូ មិនថាសាលារដ្ឋ ឬសាលាឯកជនទេ ឱ្យតែមកទស្សនកិច្ចកន្លែងយើង”។

​នៅថ្ងៃទី២៧ ខែឧសភា​ ឆ្នាំ២០២៥នេះដែរលោក កូរ ផល្លី​ស​ បន្ត​ថា មជ្ឈមណ្ឌលចម្រុះ​នេះ​ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីភ្ញៀវទេសចរ ជាពិសេសសិស្សានុសិស្សដោយសារទីនេះបានផ្តោតសំខាន់ទៅលើការងារសង្គ្រោះ អភិរក្ស និងការអប់រំ ដែលនឹងផ្តល់នូវការយល់ដឹងពីប្រភេទសត្វនៅក្នុងតំបន់ ពិភពលោក សត្វកម្រ និងសត្វជិតផុតពូជជាដើម មុនសត្វទាំងនេះ ត្រូវបានជួយសង្គ្រោះ។

បើតាមលោក កូរ ផល្លីស មជ្ឈមណ្ឌលចម្រុះដែលមានចម្ងាយប្រមាណជាង២០គីឡូម៉ែត្រពីក្រុងសៀមរាប ទទួលបានភ្ញៀវទេសចរណ៍ នៅថ្ងៃធម្មតាចន្លោះពី១០០នាក់ ទៅ៣០០នាក់ និងថ្ងៃចុងសប្តាហ៍ មានចំនួនចាប់ពី៣០០នាក់ឡើងទៅ។

លោកបានបញ្ជាក់ទៀតថា​ ចំនួនប្រភេទត្រីនិងសត្វ
១ ត្រីទឹកសាប៖ មាន៤២ ប្រភេទដែលមានចំនួនសរុប ៨៩១ ក្បាល។
២ ត្រីទឹកប្រៃ៖ មាន ៣៦ ប្រភេទដែលមានចំនួនសរុប ៦៤២ ក្បាល។
៣ សត្វ៖ មាន ៤៦ ប្រភេទដែលមានចំនួនសរុប ១៨៥ ក្បាល

  • សត្វល្មូន ៣១ ប្រភេទ ដែលមានចំនួន ១៤៨ ក្បាល។
  • សត្វស្លាប ៥ ប្រភេទដែលមានចំនួប ១៥ ក្បាល។
  • ថនិកសត្វ ១០ ប្រភេទ ដែលមានចំនួន ២២ ក្បាល។

សូមជម្រាបថា អង្គរវ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម (Angkor Wildlife & Aquarium) បើកដំណើរការនៅឆ្នាំ២០២២ និងមានទីតាំងស្ថិតនៅក្នុង ភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប អង្គរវ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម ដែល​ជា​អាងពិព័រណ៍ត្រី មានប្រភេទត្រីជាច្រើនទាំងទឹកសាប និងត្រីទឹកប្រៃ ទាំង​ប្រភេទក្នុងប្រទេស និងមក​ពី​ក្រៅ​ប្រទេស។ លើស​ពី​នេះ​ ទីតាំ​ងនេះ​ក៏មានសត្វច្រើនប្រភេទដូចជា សត្វខ្លា ខ្លាឃ្មុំ សត្វភេ អណ្ដើកហ្លួង ក្រពើភ្នំ និងមានសត្វល្មូនជាច្រើនប្រភេទ​ផងដែរ៕

To Top