ព័ត៌មានជាតិ

កម្ពុជា-រុស្ស៊ី ប្តេជ្ញារួមគ្នាសហការប្រយុទ្ធប្រឆាំងអំពើពុករលួយ លើការងារអប់រំ ទប់ស្កាត់ បណ្តុះបណ្តាល និងស៊ើបអង្កេត

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា (អ.ប.ព.) និងលោក IGOR KRASNOV អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី បានប្តេជ្ញារួមគ្នាសហការប្រយុទ្ធប្រឆាំងអំពើពុករលួយ លើការងារអប់រំ ទប់ស្កាត់ បណ្តុះបណ្តាល និងស៊ើបអង្កេត។

នាឱកាសនោះ គូភាគី បានជម្រាបជូនគ្នាទៅវិញទៅមក អំពីយុទ្ធសាស្ត្រអប់រំ ដើម្បីឲ្យមនុស្សប្រឆាំងអំពើពុករលួយ និងកែប្រែអាកប្បកិរិយាអសកម្ម។ លោក ទេសរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីការយកចិត្តទុកដាក់របស់ អ.ប.ព. ទៅលើការបង្កើតសៀវភៅប្រឆាំងអំពើពុករលួយ ដាក់ទៅក្នុងកម្មវិធីសិក្សានៅកម្រិតបឋមសិក្សា រហូតដល់វិទ្យាល័យ និងមានគ្រូបង្គោល និងជនបង្គោលប្រចាំស្ថាប័ន ក្រសួង។

លោក អគ្គរដ្ឋអាជ្ញា ក៏បានជម្រាប លោក ទេសរដ្ឋមន្ត្រី និងសហការី អំពីការអប់រំ បណ្តុះបណ្តាលមន្ត្រីរាជការ យុវជន កុមារ និងគ្រួសារ រួមទាំងញាតិសន្តានជិតស្និទ្ធទាំងអស់ ឲ្យមានអាកប្បកិរិយាប្រឆាំងអំពើពុករលួយ នៅសហព័ន្ធរុស្ស៊ីផងដែរ។

លោក Igor KRASNOV មានប្រសាសន៍ថា «អំពើពុករលួយ ជាឧបសគ្គមួយ បើយើងប្រឹងប្រែងរួមគ្នា នោះកិច្ចការប្រឆាំងអំពើពុករលួយនឹងទទួលបានប្រសិទ្ធភាព ។ ខ្ញុំត្រៀមខ្លួនគ្រប់ការសន្ទនា សហការបើកចំហជាមួយ អ.ប.ព. គោរពគ្នាទៅវិញទៅមក ជាដៃគូរបស់យើង ផលប្រយោជន៍រួមរបស់យើង»។

គូភាគី ក៏បានសម្តែងនូវសេចក្តីរីករាយ និងស្និទ្ធស្នាលបំផុត ចំពោះទិន្នផលដែលទទទួលបានពីការផ្លាស់ប្តូរនិងផ្តល់ព័ត៌មានថ្មីៗ ល្អៗ ពីគ្នាទៅវិញទៅមក និងបទពិសោធជាក់ស្តែង ដែលជាដើមទុនមួយឆ្ពោះទៅរកការវិវឌ្ឍន៍នាពេលអនាគត ហើយត្រៀមខ្លួនចែករំលែកបទពិសោធផ្សេងទៀត សម្រាប់កិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ។

ស្ថាប័នទាំងពីរ ជឿជាក់ថា ការបង្កើនប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន ត្រូវធ្វើឡើងការផ្លាស់ប្តូរឧត្តម្មានុវត្តន៍ ការពិគ្រោះអំពីកិច្ចការដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក រួមមានកិច្ចការសម្រាប់វេទិកាអន្តរជាតិ និងអង្គការអន្តរជាតិ ព័ត៌មានស្តីពីប្រព័ន្ធច្បាប់ និងនីតិកម្មរបស់រដ្ឋ សកម្មភាពនីតិប្បញ្ញតិ និងវិធានការនានាដើម្បីអនុវត្តច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ភាគី ជាដើម។

To Top