ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់បេសកកម្ម ប្រកបដោយជោគជ័យ និងផ្លែផ្កា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី រយៈពេលបីថ្ងៃ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបន្តដំណើរឆ្ពោះទៅកាន់ ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមទស្សនកិច្ចការងារផ្លូវការ ចាប់ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥។

សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញដំណេីរ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ដេីម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ពីថ្ងៃទី២៦ ដល់ថ្ងៃ២៧ ឧសភា៕



