ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកទឹកចិត្តឱ្យបន្តយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យសាធារណៈ

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានធ្វើការលើកទឹកចិត្តឱ្យបន្តការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យសាធារណៈ។

ការលើកទឹកចិត្តរបស់ លោក ហ៊ុន ម៉ានី នាឱកាសអញ្ជើញជា តំណាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។

ដើម្បីរួមចំណែកឱ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាព ក្នុងការអនុវត្តកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល លើវិស័យអាទិភាព លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកទឹកចិត្តឱ្យបន្តការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ ចំនួន ៥ចំណុច រួមមាន៖

១. គ្រប់ក្រសួង-ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាពមន្ត្រីរាជការនៅគ្រប់កម្រិត។ ត្រូវកសាងផែនការជាក់ស្តែង សម្រាប់អភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ដោយធានាឱ្យបាននូវគុណភាព គុណវុឌ្ឍិ គុណធម៌ផ្អែកលើគោលការណ៍គុណាធិបតេយ្យ។

២. គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តសហការជាមួយក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល ដើម្បីជ្រើសរើសមន្រ្តីរាជការ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មកទទួលការបំពាក់បំប៉ន និងបណ្តុះបណ្តាល ឱ្យក្លាយជាមន្ត្រីល្អឈានមុខក្នុងអង្គភាពគំរូ នៃវិស័យសាធារណៈ។

៣. គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវអប់រំដល់មន្រ្តីរាជការគ្រប់រូប ឱ្យកសាងវប្បធម៌នៃការពុះពារសិក្សារៀនសូត្រជាប្រចាំពេញមួយជីវិត ដើម្បីកសាងរដ្ឋបាលសាធារណៈមួយដែល “ស្អាតស្អំ ខ្លាំង ឆ្លាតវៃ និងយកប្រជាជនជាស្នូល”។

៤. សាលាភូមិន្ទរដ្ឋបាលត្រូវកែទម្រង់ការដឹកនាំ គ្រប់គ្រង លើកកម្ពស់គុណភាព សមត្ថភាពនៃការអប់រំសិក្សា និងការស្រាវជ្រាវបម្រើឱ្យការរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ និងធ្វើទំនើបកម្មវិធីបណ្តុះបណ្តាលឱ្យស្របតាមការវិវត្តរីកចម្រើននៃវិស័យសាធារណៈក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិក្នុងយុគសម័យឌីជីថល ហើយក៏ដើម្បីឆ្លើយតប និងគាំទ្រគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥។

និង ៥. សាលាភូមិន្ទរដ្ឋបាល ត្រូវរៀបចំកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ ដោយបង្កើតឱ្យមាន “វេទិកាភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈ”៕

To Top