ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងព្រះអង្គម្ចាស់ Sheikh Sabah Khaled AL-Hama AL-Sabah រជ្ជទាយាទនៃរដ្ឋកូវ៉ែត បានឯកភាព ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និថការតភ្ជាប់រវាងប្រជាជននិងប្រជាជន។

ការឯកភាពរវាងថ្នាក់ដឹកនាំទាំងពីរខាងលេីនេះ ធ្វេីឡេីងក្នុងជំនួបពិភាក្សាការងារ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងព្រះអង្គម្ចាស់ Sheikh Sabah Khaled AL-Hama AL-Sabah រជ្ជទាយាទនៃរដ្ឋកូវ៉ែត នារសៀលថ្ងៃ ទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងអំឡុងពេលដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។


ក្នុងជំនួបនោះ ព្រះអង្គម្ចាស់ Sheikh Sabah Khaled Al-Hamad Al-Sabah បានគូសបញ្ជាក់ ពីបំណងក្នុងការពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ ព្រះអង្គម្ចាស់ ក៏បានលើកឡើងពីការត្រៀមខ្លួនរបស់គុយវ៉ែត ដើម្បីចែករំលែកបទពិសោធន៍ ជាមួយកម្ពុជា ក្នុងវិស័យថាមពល (ប្រេង)។

ព្រះអង្គម្ចាស់ Sheikh មានបន្ទូលសង្កត់ធ្ងន់ អំពីការបន្តការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ដែលនឹងបើកផ្លូវជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍បំណងរបស់ប្រទេសកូវ៉ែត ក្នុងការពង្រឹងចំណងមិត្តភាព រវាងប្រទេសទាំងពីរ ដែលនេះស្របទៅនឹង គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរឹតចំណង និងពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសនៅមជ្ឈិមបូព៌ា រួមទាំងប្រទេសកូវ៉ែតផងដែរ តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗដូចជា ពាណិជ្ជកម្ម ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។


បន្ថែមលេីនេះ សម្ដេចធិបតី ក៏ឯកភាពជំរុញឱ្យមានការបន្តផ្លាស់ប្ដូរទស្សនកិច្ចជាន់ខ្ពស់ និងលើកទឹកចិត្តឱ្យបន្តរៀបចំយន្តការពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរ ដើម្បីពិនិត្យមើលវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ និងស្វែងរកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសក្ដានុពល៕
