ភ្នំពេញ៖ លោក Dato’ Amir Firdaus Abdullah ប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុន Aurelius Healthcare ដែលមានប្រតិបត្តិការអាជីវកម្មជាមន្ទីរពេទ្យធំៗ នៅតាមបណ្តាប្រទេស ក្នុងតំបន់អាស៊ានដូចជា ម៉ាឡេស៊ី, វៀតណាម និងថៃ បានជម្រាបជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពីចក្ខុវិស័យពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅកម្ពុជាបន្ថែមទៀត តាមរយៈការវិនិយោគលើសេវាថែទាំសុខភាព ប្រកបដោយគុណភាពខ្ពស់ ។

ក្នុងឱកាសទទួលបានការអនុញ្ញាត ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងអំឡុងពេលដែលសម្តេចធិបតី ញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនោះ លោក Dato’ Amir Firdaus Abdullah នាយកគ្រប់គ្រងក្រុមហ៊ុន Aurelius Healthcare បានគូសបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក បានចាប់ដៃគូសហការ ជាមួយក្រុមហ៊ុន STSK Investment Group នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក្រុមហ៊ុន Aurelius Healthcare មានចក្ខុវិស័យពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅកម្ពុជាបន្ថែមទៀត តាមរយៈការវិនិយោគ លើសេវាថែទាំសុខភាព ប្រកបដោយគុណភាពខ្ពស់ និងការចូលរួមចំណែក ក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ទេរជំនាញ, បទពិសោធន៍ និងការវិនិយោគលើមូលធនមនុស្ស នៅតាមមន្ទីរពេទ្យ នានានៅកម្ពុជា ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍លោក នាយកគ្រប់គ្រងក្រុមហ៊ុន និងសហការី ព្រមទាំងបានបង្ហាញ នូវក្តីសោមនស្សរីករាយ ចំពោះការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយសម្តេចធិបតី បានគូសបញ្ជាក់ថា ការចាប់អារម្មណ៍វិនិយោគ លើវិស័យសុខាភិបាលរបស់ក្រុមហ៊ុន គឺស្របទៅនឹងគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ក្នុងការជំរុញ និងពង្រឹងមូលដ្ឋានសុខាភិបាល នៅថ្នាក់មូលដ្ឋានតាមរយៈការកសាង និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល នៅតាមមណ្ឌលសុខភាព, មន្ទីរពេទ្យបង្អែក និងការបង្កើតមន្ទីរពេទ្យតំបន់ចំនួនពីរ គឺនៅខេត្តសៀមរាប និងខេត្តកំពង់ចាម។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ លើការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព, ទំនុកចិត្ត និងសុវត្ថិភាព និងបានបង្កើតប្រព័ន្ធធានារ៉ាប់រង ផ្នែកថែទាំសុខភាព ជូនប្រជាពលរដ្ឋផងដែរ។

សម្តេចធិបតី បានលើកទឹកចិត្តក្រុមហ៊ុន ឱ្យបន្តពង្រឹងកិច្ចសហការ ជាមួយដៃគូនៅកម្ពុជា សំដៅរួមចំណែក ផ្តល់សេវាសុខភាព និងព្យាបាលជូនប្រជាពលរដ្ឋ នៅក្នុងប្រទេសកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យ៕



