ព័ត៌មានជាតិ

ក្រុមហ៊ុន MMAG Holdings Berhad និង ក្រុមហ៊ុន NexG Berhad បង្ហាញបំណង ស្វែករកឱកាសវិនិយោគ លើវិស័យឌីជីថល​ និងឡូជីស្ទីកនៅកម្ពុជា

ភ្នំពេញ៖ លោក Datuk Hanifah Noordin នាយកប្រតិបត្តិ នៃMMAG Holdings Berhad និង ក្រុមហ៊ុន NexG Berhad បានជម្រាប ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថា ក្រុមហ៊ុន របស់លោកមានបំណង ស្វែរកឱកាសវិនិយោគ លើវិស័យសន្តិសុខឌីជីថល និងការពង្រីកការវិនិយោគបន្ថែមទៀត លើវិស័យឡូជីស្ទីកនៅកម្ពុជា ។

ក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាត ចូលជួបសម្ដែងការគួរសម នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងអំឡុងពេលដែលសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន​ លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនោះ លោក Datuk Hanifah Noordin បានជម្រាបជូនពីអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានជំនាញឯកទេស លើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជាពិសេសផ្នែកសន្តិសុខឌីជីថល ដែលកំពុងមានប្រតិបត្តិការអាជីវកម្ម នៅក្នុងប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់។

លោក Datuk Hanifah Noordin បានឱ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុន ក៏មានប្រតិបត្តិការអាជីវកម្ម លើផ្នែកឡូជីស្ទីក នៅអាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរផងដែរ។ បន្ថែមលើនេះ ក្រុមហ៊ុនក៏មានបំណងស្វែរកឱកាសវិនិយោគ លើវិស័យសន្តិសុខឌីជីថល និងការពង្រីកការវិនិយោគបន្ថែមទៀត លើវិស័យឡូជីស្ទីកនៅកម្ពុជា ។

ជាការឆ្លើយតប សម្តេចធិបតី​ បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានជួបពិភាក្សា លោកនាយកប្រតិបត្តិក្រុមហ៊ុន និងបានស្វាគមន៍ចំពោះបំណងវិនិយោគ របស់ក្រុមហ៊ុននៅកម្ពុជា។

សម្តេចធិបតី បានគូសបញ្ជាក់ពីគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់វិស័យឡូជីស្ទីករបស់កម្ពុជា និងការជំរុញវិស័យនេះ តាមរយៈការកសាងហេដ្ឋា​រចនាសម្ព័ន្ធ​ ដូចជាការពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ សំដៅប្រែក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកនៅក្នុងតំបន់,​ ការកសាង​ព្រលាន​យន្តហោះ​ និងផ្លូវថ្នល់ ជាដើម។

សម្តេចធិបតី ក៏បានគូសបញ្ជាក់ពីការរៀបចំយន្តការតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងប្រទេសជាក់លាក់ និងការដាក់ចេញគោលនយោបាយគាំទ្រ ដល់វិនិយោគិនបរទេស តាមរយៈការបង្កើតបរិយាកាសអំណោយផល និងការសម្រួលនីតិវិធីវិនិយោគ លើវិស័យ​ឡូជីស្ទីកនេះ។ ចំពោះវិស័យឌីជីថល សម្តេចធិបតី បានសង្កត់ធ្ងន់ពីការ យកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានចាត់ទុកវិស័យឌីជីថល ជាវិស័យអាទិភាពគន្លឹះ។

សម្តេចធិបតី បានលើកទឹកចិត្តដល់ក្រុមហ៊ុន ឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនង ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យលទ្ធភាព វិនិយោគជាក់ស្តែងនៅកម្ពុជា៕

To Top