ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូល រួមជាអធិបតី ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍, ក្រុមហ៊ុន Ubrain Communications របស់ប្រទេស កូរ៉េខាងត្បូង និង ក្រុមហ៊ុន Thananvarman Digital 21 ស្តីពីការបណ្តុះបណ្តាល ជំនាញផលិតមាតិកា ទេសចរណ៍ (Tourism Content Creator or Travel Content Creator) ដល់សិស្ស និស្សិត និងអ្នកមានចំណង់ ចំណូលចិត្តផលិតមាតិកាឌីជីថល (Digital Content) ដែលនេះគឺជាការបណ្តុះបណ្តាលដំបូងគេ នៅប្រទេសកម្ពុជា។

តាមរយៈការបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបាន នូវចំណេះដឹងពីការ ផលិតមាតិកាថ្មី បទពិសោធជាក់់ស្តែង កម្មវិធីឌីជីថលថ្មីៗ ដែលបានពីគ្រូឧទ្ទេសនាមល្បី និងមានបទពិសោធច្រើនឆ្នាំពីប្រទេសកូរ៉េ ជាពិសេសគឺការរៀបចំ មាតិកាទេសចរណ៍ប្រកបដោយគុណភាពខ្ពស់ និងមានភាពទាក់ទាញ លំដាប់អន្តរជាតិ។ សិក្ខាកាម ដែលបញ្ចប់ការសិក្សា វគ្គនេះ ដោយជោគជ័យ នឹងទទួលបាននូវវិញ្ញាបនប័ត្រ ទទួលស្គាល់ សម្រាប់អាជីព ការងាររបស់ខ្លួនផងដែរ៕






