ភ្នំពេញ ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងអះអាងថា នៅពេលខាងមុខនេះ យុទ្ធនាការនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ ដែលដឹកនាំដោយលោក នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នឹងចាប់ផ្តើមដាក់បញ្ចូល យុទ្ធនាការនេះ ទៅក្នុងប្រព័ន្ធទូរស័ព្ទដៃ តាមរយៈCall-tune ។
លោក ទេព អស្នារិទ្ធ បានលើកឡើងក្នុងគ្រុបបណ្តាញ តេឡេក្រាម នាថ្ងៃ២៨ ឧសភាថា ចាប់តាំងពីចុងខែមេសា និងដើមខែឧសភា យុទ្ធនាការនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ ដែលដឹកនាំដោយ ក្រសួងព័ត៌មាន និងសម្របសម្រួល ការអនុវត្តតាមបណ្តារាជធានី-ខេត្ត ដោយមន្ទីរព័ត៌មាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរក្នុងមូលដ្ឋាន និងតួអង្គពាក់ព័ន្ធ កំពុងមានសកម្មភាព យ៉ាងផុសផុល។
លោកបន្តថា ជាលទ្ធផល យុទ្ធនាការនេះ បានទទួលការគាំទ្រ និងការចូលរួមដោយផ្ទាល់ យ៉ាងច្រើនពី សំណាក់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយបច្ចុប្បន្នបានធ្វើដំណើរ ដល់ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងតាកែវហើយ តាមរយៈការរៀបចំសកម្មភាពផ្សេងៗសរុបចំនួន៣៣លើក និងមានមនុស្សចូលរួមសរុបចំនួនប្រមាណជាង ៦,៥០០នាក់ ក្នុងមូលដ្ឋានរាជធានីខេត្តទាំង៥នេះ។
លោកអ្នកនាំពាក្យសង្កត់ធ្ងន់ថា ដើម្បីឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ក្រោមកិច្ចសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ យុទ្ធនាការបានផ្ញើសារអប់រំ ផ្សព្វផ្សាយតាមប្រព័ន្ធTRC-SMS សរុបចំនួន៩សារ ទៅកាន់អ្នកប្រើ ប្រាស់ទូរស័ព្ទចល័ត ចំនួនជាង ២៣លាន នាក់នៅទូទាំងប្រទេស ខណៈកិច្ចសហប្រតិបត្តិនេះ នឹងដាក់ដំណើរ ការការផ្សព្វផ្សាយតាមរយៈcall-tune នៅក្នុងខែមិថុនាតទៅបន្ថែមទៀត។
លោក ទេព អស្នារិទ្ធ បានឲ្យដឹងទៀតថា សកម្មភាពផ្សព្វផ្សាយ ទាំងនេះ បាននិង កំពុងចូលរួមក្នុងការ លើកកម្ពស់ កម្រិតអក្ខរកម្ម ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ របស់ប្រជាពលរដ្ឋឲ្យក្លាយជាពលរដ្ឋឌីជីថលល្អ គឺចេះប្រើប្រាស់ព័ត៌មាន បែងចែករវាងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំពុលសង្គម មានប្រភពពីបណ្តាញសង្គមនានា ដើម្បីរួមចំណែកធានាសុវត្ថិភាពព័ត៌មាន ក្នុងសហគមន៍ និងសង្គមជាតិទាំងមូល។
សូមរំលឹកថា ក្នុងត្រីមាសទី១នៃឆ្នាំ២០២៥ គណៈកម្មការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ របស់ក្រសួងព័ត៌មាន បានរកឃើញព័ត៌មាន ក្លែងក្លាយចំនួន៨៨៤ករណី កាលពីឆ្នាំ២០២៤ ក្រសួងបានកត់ត្រាព័ត៌មានក្លែងក្លាយសរុប ចំនួន ៣ ៦៥១ ករណី៕
