ព័ត៌មានជាតិ

កម្ពុជា-វៀតណាម រួមគ្នាសហការតភ្ជាប់ ការដឹកជញ្ជូនទេសចរណ៍ ដើម្បីទាក់ទាញទេសចរអន្តរជាតិ និងក្នុងស្រុក ឱ្យកាន់តែច្រើន

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានអនុញ្ញាតឱ្យលោក Nguyễn Minh Vũ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយធ្វើការផ្តាស់ប្តូរទស្សនៈ និង យុទ្ធសាស្ត្រ ដើម្បីរួមគ្នាសហការតភ្ជាប់ ការដឹកជញ្ជូនទេសចរណ៍ ដើម្បីទាក់ទាញទេសចរ អន្តរជាតិ និងក្នុងស្រុកឱ្យកាន់តែច្រើន ក្នុងរដូវកាលបៃតង ។

យោងតាមក្រសួងទេសចរណ៍បានឱ្យដឹងថា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Nguyễn Minh Vũ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានពិភាក្សាការងារ ផ្លាស់ប្តូរទស្សនៈ និងយុទ្ធសាស្រ្ត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យ ទេសចរណ៍បន្ថែមទៀត ជាពិសេសគឺការទាក់ទាញ ភ្ញៀវទេសចរអន្តរជាតិ មកទស្សនាប្រទេសជិតខាងទាំងពីរ ឱ្យច្រើនឡើង ថែមទៀត ក្នុងរដូវកាលបៃតងនេះ ដោយផ្តោតលើការអភិវឌ្ឍ ហេដ្ឋារចនាសម័ន្ធតភា្ជប់ គោលដៅទេសចរណ៍ រវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលា ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដោយបង្កើនការហោះហើរត្រង់ និងទៀងទាត់ពីទីក្រុងធំៗ របស់វៀតណាម មកតំបន់ទេសចរណ៍កម្ពុជា ការសំរួលបែបបទធ្វើដំណើរ ព្រមទាំងកិច្ចសហការ រៀបចំព្រឹត្តការណ៍ទេសចរណ៍ ជាលក្ខណៈអន្តរជាតិថ្មីៗ និងទាក់ទាញ។

ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកប ដោយផ្លែផ្កានេះ លោករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានបង្ហាញនូវ ទស្សនៈរួមគ្នាថាទេសចរណ៍ ត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់​ នៃប្រទេសទាំងពីរ​​​ ចាត់ទុកថាមានសារៈសំខាន់ ក្នុងការជួយជម្រុញកំណើនសេដ្ឋកិច្ច និងលើកស្ទួយជីវភាព ប្រជាជន ព្រមទាំងបានជួយលើកកម្ពស់ ការពង្រឹងចំណង សាមគ្គីភាព និង មិត្តភាពជាប្រពៃណី រវាងប្រជាជននៃប្រទេសទាំងពីរ ហើយកំណើនចំនួនទេសចរ វៀតណាមមកកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំនេះ បានមកពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អរបស់កម្ពុជា ដែលធ្វើកម្ពុជា ត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍ មានសុខសុវត្តិភាពខ្ពស់ និងមានការអភិវឌ្ឍឆាប់រហ័ស លើគ្រប់វិស័យពីសំណាក់អ្នកទេសចរ និងធុរជនវៀតណាម និងអន្តរជាតិ៕

To Top