ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី បានឲ្យដឹងថា គ្រាន់តែក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥នេះ មានករណីគ្រោះរន្ទះបាញ់បានសម្លាប់ប្រជាពលរដ្ឋចំនួន២៨នាក់ និងបង្កឲ្យរងរបួស៤៦នាក់ ។

លោក សុទ្ធ គឹមកុលមុនី បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនាថ្ងៃ២៨ ឧសភា ថា គ្រោះថ្នាក់ធម្មតាជាតិ រន្ទះបាញ់បានកើតឡើង ជាច្រើនករណីនៅកម្ពុជា សម្រាប់ឆ្នាំនេះដែលមានរហូតដល់ប្រមាណជា៥០លើកនៅទូទាំងប្រទេស ។ ក្នុងនោះបានបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសធ្ងន់ស្រាល សរុបទាំងអស់ជាង៧០នាក់ ។
លោកអ្នកនាំពាក្យគូសបញ្ជាក់ថា “ករណីរន្ទះបាញ់បានកើតឡើង ច្រើនសម្រាប់ឆ្នាំ២០២៥នេះ គឺពីខែ១ដល់ខែ៥ ឆ្នាំ២០២៥នេះ បានកើតឡើងចំនួន៥១លើក បានបង្កឲ្យមានមនុស្សស្លាប់២៨នាក់ និងរបួស៤៦នាក់ និងងាប់គោ-ក្របី៥២ក្បាល” ។
លោកបន្តថា គ្រាន់តែចូលដល់រដូវវស្សា ករណីគ្រោះរន្ទះបាញ់បានកើតឡើងជាច្រើនករណីនៅទូទាំងប្រទេស ខណៈថ្មីៗនេះបានកើតឡើងនៅតំបន់ទេសចរណ៍ដ៏សំខាន់មួយកន្លែងផងដែរ ។
ដើម្បីចូលរួមចំណែកការពារ ពីគ្រោះរន្ទះបាញ់នេះដែរ អ្នកនាំពាក្យគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះ មហន្តរាយ បានអះអាងថា ទាំងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងភាគីពាក់ព័ន្ធបានរួមគ្នាសិក្សា នៅតំបន់ងាយរងគ្រោះដោយសាររន្ទះបាញ់ ដោយបានតម្លើងបង្គោល ការពាររន្ទះបាញ់នៅតំបន់មួយចំនួនដែរ ។ សម្រាប់តំបន់ ទេសចរណ៍វិញ លោកថា អ្នកពាក់ព័ន្ធក៏បានសិក្សា ក្នុងការតម្លើងបង្គោល ការពាររន្ទះបាញ់ ជាបណ្តើរៗហើយ៕
