សៀមរាប: អ្នកនាំពាក្យអាជ្ញាធរជាតិ អប្សរាបានឲ្យដឹងថា ក្នុងមួយឆ្នាំៗ អាជ្ញាធរជាតិអប្សរា បានដាំកូនឈើជាង២ ម៉ឺនដើម និងចែកជូនដល់ សាធារណជនជាង ១០ម៉ឺនដើម។

ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មាននៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៥ នៅនាយកដ្ឋាន សណ្ដាប់ធ្នាប់ខេត្តសៀមរាប លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរា បានលើកឡើងថា ព្រៃឈើ គឺជាធាតុមួយដ៏សំខាន់ ដែលមិនអាចខ្វះបាននឹងដើរតួរនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជាសកល នៃរមណីយដ្ឋានអង្គរ ដែលរួមបញ្ចូលគ្នា ជាមួយប្រាងប្រាសាទ និងសហគមន៍មនុស្ស ក្លាយជាអត្តសញ្ញាណ កំណត់សម្គាល់ នៃរមណីយដ្ឋានអង្គរ។
លោកបានបញ្ជាក់ថា តាមការអង្កេតតាំងពីឆ្នាំ ២០០៦ ព្រៃឈើនៅក្នុងរមណីយដ្ឋានអង្គរ មានទំហំ៤៥៨៥ហិកតាប៉ុណ្ណោះ ប៉ុន្តែនៅពេល ដែលមានការយកចិត្តទុកដាក់ថែទាំ និងដាំដុះជាបន្តបន្ទាប់ របស់អាជ្ញាធរជាតិអប្សរា ព្រៃឈើបានកើន ឡើង១៩២០ហិកតា នៅឆ្នាំ ២០១៦ស្មើនិង៦៥០៥ហិកតា ។
លោកបានបញ្ចាក់ថា បើគិតពីឆ្នាំ២០០៤ មកអាជ្ញាធរជាតិអប្សរា បានដាំកូនឈើ សរុបជាង២ ០០០ ០០០ដើមមកហើយ នៅក្នុងរមណីយដ្ឋានអង្គរ ក្នុងគោលបំណងសំខាន់ ដើម្បីឲ្យរមណីយដ្ឋាន អង្គរមានទេសភាព បែបបៃតង និងបំផុសស្មារតី ឲ្យប្រជាពលរដ្ឋថែរក្សា និង ចេះស្រឡាញ់ធម្មជាតិ ក៏ដូចជាការពារបរិស្ថានធម្មជាតិ នៅក្នុងតំបន់បេតិកភណ្ឌ ដល់អស្ចារ្យរបស់កម្ពុជា៕
