ព័ត៌មានជាតិ

ក្រសួងការងារ ចុះផ្សព្វផ្សាយ ស្តីពីការចូលរួមទប់ស្កាត់ និងប្រឆាំងពលកម្ម លើកុមារគ្រប់រូបភាព នៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការ ជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្ទឹងត្រែង បានចុះផ្សព្វផ្សាយ និងចងបដាស្តីពីការបង្ការ និងទប់ស្កាត់ការ ប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម ដល់ទីតាំង ដើម្បីលើកកម្ពស់ការចូលរួម ការយល់ដឹង និងសហការអនុវត្ត ច្បាប់ពីគ្រប់ភាគីពាក់ព័ន្ធ នឹងការប្រឆាំងពលកម្មកុមារ ជាពិសេសនៅវិស័យ សិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម។

ពិធីផ្សព្វផ្សាយបានធ្វើឡើង ដោយមានការចូលរួមពីម្ចាស់សហគ្រាស បងប្អូនកម្មករនិយោជិត អាណាព្យាបាល និងអាជ្ញាធរពាក់ព័ន្ធ។ ជាមួយគ្នានេះ មន្ត្រីជំនាញរបស់ក្រសួងការងារ ក៏បានបន្តជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងសហគមន៍នៃសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម ចូលរួមទប់ស្កាត់ និងលុបបំបាត់រាល់ទម្រង់ទាសភាព ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងការងារប្រកបដោយគ្រោះថ្នាក់ ។

ទន្ទឹមនឹងនេះ មន្ត្រីជំនាញក៏បានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធរួមគ្នា ប្តេជ្ញាបញ្ចប់រាល់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ និងរាយការណ៍រហ័សតាមរយៈ Hotline ១២៩៧ ឬ ១២៨៦ ក្នុងករណីការប្រើប្រាស់រាល់ទម្រង់ ធ្ងន់ធ្ងរនៃពលកម្មកុមារ៕

To Top