កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ នេះបានធ្វើពិធីប្រគល់ ទទួលថវិកា ពីមន្ត្រីរាជការ និងសប្បុរសជន ក្នុងខេត្ត ដើម្បីគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ។ ពិធីនេះធ្វើឡើង នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។

បើតាមលោក គ្រុយ ខន ប្រធានការិយាល័យគណនេយ្យ សាលាខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងពិធីប្រគល់ទទួលថវិកា នៃ «យុទ្ធនាការមួយម៉ឺននាក់ មួយម៉ឺនរៀល» ដើម្បីគាំទ្រ ដល់មន្ទីរពេទ្យគន្ធបុប្ផានាឱកាសនេះ គឺរដ្ឋបាលខេត្តទទួល បានថវិកាសរុបចំនួន ២៧០ លានរៀល ។

គួរបញ្ជាក់ផងដែរថា មូលនិធិគន្ធបុប្ផាកម្ពុជា មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាស្ថាបនិក និងមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយស សំដៅធានាចីរភាព នៃកិច្ចដំណើរការរបស់ មន្ទីរពេទ្យគន្ធបុប្ផា ។
