ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា ដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំ ស្ដីពី ការគ្រប់គ្រងកិច្ចការរដ្ឋបាល របស់រដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលខណ្ឌ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញ សេចក្ដីសម្រេចថ្មី ស្ដីពី ការដាក់ឱ្យប្រើប្រាស់ សៀវភៅណែនាំ ស្ដីពី ការគ្រប់គ្រងកិច្ចការរដ្ឋបាល របស់រដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលខណ្ឌ។

សូមបញ្ជាក់ថា សៀវភៅណែនាំស្តីពីការគ្រប់គ្រងកិច្ចការរដ្ឋបាលរបស់រដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលខណ្ឌ ដែលត្រូវបានដាក់ឱ្យអនុវត្តអស់រយៈពេលជាង១០ឆ្នាំកន្លងមកនេះ ត្រូវបានកែសម្រួលឡើងវិញ ក្នុងគោលបំណង លើកកម្ពស់គុណភាព និង ប្រសិទ្ធភាពការងារ ដោយផ្តោតលើការគ្រប់គ្រងរដ្ឋបាល់ដែនដី និងការ ចាត់ចែងកិច្ចការនានា នៅរដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលខណ្ឌ ឱ្យមានលក្ខណៈស្តង់ដា ឬគំរូរួមតែមួយ មានលក្ខណៈច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយដែលផ្តល់ភាពងាយស្រួលដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៅក្នុងការបំពេញការងារប្រចាំថ្ងៃ។

សៀវភៅនេះត្រូវបានចងក្រងឡើង ដោយផ្អែកលើមូលដ្ឋានច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងតម្រូវការនៃការអភិវឌ្ឍសង្គមដែលបាន ប្រមូលផ្តុំនូវគោលការណ៍ និងគំរូសំខាន់ៗដើម្បីធានាបាននូវការតាក់តែងលិខិតបទដ្ឋានគតិយុត្តឱ្យមាន ការឯកភាពផ្នែករដ្ឋបាលនៅថ្នាក់ក្រោមជាតិ។

សៀវភៅណែនាំស្តីពីការគ្រប់គ្រងកិច្ចការរដ្ឋបាលរបស់រដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលខណ្ឌ ត្រូវបានដាក់ឱ្យអនុវត្តជំនួសសៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានដាក់ ឱ្យប្រើប្រាស់តាមរយៈសេចក្តីសម្រេចលេខ ១០០២៩ សសរ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥របស់ក្រសួងមហាផ្ទៃ។

To Top