ព័ត៌មានជាតិ

ផ្លូវថ្មើរជើងចតុមុខ គ្រោងសម្ពោធជាផ្លូវការ នាខែមិថុនា​ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖​​ ក្រោយពីផ្លូវថ្មើរជើងចតុមុខ បានបើកឱ្យដំណើរការជាបណ្តោះអាសន្ន អស់ជាង៤ខែ ហើយទទួលបានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ និង ភ្ញៀវជាតិ-អន្តរជាតិ ដើរកំសាន្តយ៉ាងច្រើនកុះករ ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍​ហើយន ផ្លូវថ្មើរជើងចតុមុខ (Walk Street) គ្រោងនឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី២១ខែ មិថុនា​ ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ។

ក្នុងកិច្ចប្រជុំ ជាមួយមន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៨ ឧសភា​ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើកឡើងថា ផ្លូវថ្មើរជើងចតុមុខ (Walk Street) ក្រោយពីបានបើកឱ្យ ដំណើរការជា បណ្តោះអាសន្នប៉ុន្មានខែនេះ​ ពិតជាទទួលបានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងពី សំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ។ ផ្លូវថ្មើរជើងចតុមុខ នឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមសំណើររបស់រដ្ឋបាលរាជធានីភ្នំពេញ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កិច្ចប្រជុំនាព្រឹកនេះ ធ្វើឡើងដើម្បីពិភាក្សាក្នុងការជ្រើស រើសយកទីតាំង នៃការកាត់ខ្សែបូរណ៍សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងការត្រៀមលក្ខណៈសព្វបែបយ៉ាង ទាំងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំកំពូល ដោយគិតទាំងការរៀបចំ អនាម័យបរិស្ថាន ការសម្ដែងសឹល្បៈក៏ឱ្យធំ ហើយល្អប្រសើរជាងមុន សំខាន់ទីតាំងលើផ្លូវថ្មើរជើងចតុមុខ (Walk Street) ដាច់ខាតត្រូវតែស្អាត មានបរិស្ថានល្អ។

លោក ឃួង ស្រេង បន្ថែមថា កិច្ចការងារនេះ នឹងត្រូវរៀបចំការប្រជុំច្រើនដងទៀត ជាមួយនិងការរៀបចំក្រុមការងារ​​​ ដើម្បីរៀបចំការផ្សព្វផ្សាយព័ត៌មាន , ការបែងចែកភារកិច្ចគ្នាឱ្យបានច្បាស់លាស់ ,ការរៀបចំតុបតែងភ្លើងចម្រុះពណ៌ និងសំអាតបរិស្ថានជាដើម។

គួរបញ្ជាក់ថា ផ្លូវថ្មើរជើងតុមុខ (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

To Top