ភ្នំពេញ៖ ថ្លែងប្រាប់មេដឹកនាំ នៃបណ្តាប្រទេស ជាសមាជិកអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ សម្តេចធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា នៅចំពោះមុខ នៃការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ កាន់តែខ្លាំង ជម្លោះប្រដាប់អាវុធ អូសបន្លាយ ការថយចុះ នៃកិច្ចសហប្រតិបត្តិការ ពហុភាគី និងការកើនឡើង នៃការគំរាមកំហែង ពីបញ្ហាប្រឈម សន្តិសុខ មិនប្រពៃណី អាស៊ានត្រូវតែមានការឯកភាពគ្នា លើគោលដៅយុទ្ធសាស្ត្រ លើចក្ខុវិស័យ និងភាពច្បាស់លាស់ លើសកម្មភាពរួម ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្នុងបរិបទ នៃទិដ្ឋភាពភូមិសាស្ត្រនយោបាយ កាន់តែស្មុគស្មាញ និងមិនអាចប៉ាន់ស្មានទុកជាមុន ប្រមុខដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ាន បានអះអាងសារជាថ្មី ពីសារៈសំខាន់នៃការរក្សា និងពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន លើទំនាក់ទំនងរបស់អាស៊ាន ជាមួយដៃគូខាងក្រៅ ដែលមានស្រាប់ និងថ្មីៗ ។
ក្នុងនោះប្រមុខដឹកនាំ ក៏បានគូសបញ្ជាក់ផងដែរ ពីសារៈសំខាន់ នៃសមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ និងការបង្កើនឡើងបន្ថែមថែមទៀត នៃលំហូរពាណិជ្ជកម្ម និងការ វិនិយោគក្នុងអាស៊ាន ដោយផ្ដោតលើកំណើន ប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព ដែលមិនទុកនរណាម្នាក់ និងកន្លែងណាមួយចោល ។
ក្នុងកិច្ចប្រជុំលើកទី៤៦នេះ សម្តេចធិបតី បានបញ្ជាក់នូវការគាំទ្រ យ៉ាងពេញទំហឹងរបស់កម្ពុជា ចំពោះការធ្វើជាប្រធាន អាស៊ានរបស់ម៉ាឡេស៊ី នៅឆ្នាំ២០២៥ ជាពិសេសបរិយាបន្ន និងចីរភាព គឺជាសសរស្ដម្ភ សំខាន់សម្រាប់ធានាសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែង របស់តំបន់។
ថ្លែងទៅកាន់មេដឹកនាំនៃបណ្តាប្រទេសសមាជិកអាស៊ាន សម្តេចធិបតី បានសង្កត់ធ្ងន់ថា នៅចំពោះមុខនៃការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយកាន់តែខ្លាំង ជម្លោះប្រដាប់អាវុធ អូសបន្លាយ ការថយចុះនៃកិច្ចសហប្រតិបត្តិការពហុភាគី និងការកើនឡើងនៃការគំរាមកំហែង ពីបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី អាស៊ានត្រូវតែមានការឯកភាពគ្នាលើគោលដៅ យុទ្ធសាស្ត្រ លើចក្ខុវិស័យ និងភាពច្បាស់លាស់លើសកម្មភាពរួម។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ ត្រូវបានរៀបចំឡើង ក្រោមមូលបទ “បរិយាបន្ន និងចីរភាព” នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយក្នុងសម័យប្រជុំពេញអង្គ ប្រមុខដឹកនាំអាស៊ាន បានពិនិត្យវឌ្ឍនភាព នៃកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍អាស៊ាន លើការបញ្ចប់ប្រកបដោយជោគជ័យ នូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥៕
