បរទេស ៖ តំបន់ Greenland កំពុងថ្លឹងថ្លែងពីលទ្ធភាព នៃការអញ្ជើញការវិនិយោគរបស់ចិន ឱ្យអភិវឌ្ឍវិស័យរុករករ៉ែរបស់ខ្លួន ក្រោមភាពតានតឹង ជាមួយសហរដ្ឋអាមេរិក និងការចូលរួមដែលមានកម្រិតជាមួយសហភាពអឺរ៉ុប, នេះបើតាមរដ្ឋមន្ត្រីធុរកិច្ច និងធនធានរ៉ែរបស់ Greenland គឺលោកស្រី Naaja Nathanielsen បានប្រាប់កាសែត Financial Times កាលពីថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ដែនដីស្វយ័តនៃប្រទេសដាណឺម៉ាក Greenland មានទុនបំរុងដ៏ច្រើន ប៉ុន្តែពិបាកក្នុងការទាញយករ៉ែ ដូចជាមាស និងទង់ដែង។ ដើមទុនបរទេសមានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍធនធាន ប៉ុន្តែភាពតានតឹងភូមិសាស្ត្រនយោបាយនាពេលថ្មីៗនេះ បានធ្វើឱ្យមានការលំបាក ក្នុងការទទួលបានភាពជាដៃគូ ដែលអាចទុកចិត្តបាន។
លោកស្រី Nathanielsen បាននិយាយថា “យើងកំពុងព្យាយាមរកឱ្យឃើញ នូវរបៀបរៀបរយពិភពលោកថ្មី” ដោយបន្ថែមថា Greenland “មានការលំបាកក្នុងការស្វែងរកជំហរ ក្នុងការវិវត្តទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត លោកខាងលិចរបស់ខ្លួន។
កោះអាកទិក បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ជាមួយសហរដ្ឋអាមេរិក ស្តីពីការអភិវឌ្ឍន៍រ៉ែក្នុងអំឡុងពេលអាណត្តិដំបូង របស់ប្រធានាធិបតី Donald Trump ។ ទោះយ៉ាងណាក៏ដោយ យោងតាម លោកស្រី Nathanielsen វានឹងឈានដល់ទីបញ្ចប់។ រដ្ឋាភិបាលក្នុងទីក្រុង Nuuk របស់ Greenland បានព្យាយាមដោយមិនជោគជ័យ ដើម្បីបន្តវាក្នុងអំឡុងពេល នៃការគ្រប់គ្រងរបស់អតីតប្រធានាធិបតីអាមេរិក Joe Biden។
សូមជម្រាបថា បន្ទាប់ពីការវិលត្រឡប់ របស់លោក Trump ទៅកាន់តំណែងនៅក្នុងខែមករា Greenland សង្ឃឹមថានឹងធ្វើឱ្យមានការពិភាក្សាឡើងវិញ អំពីការបន្តអនុស្សរណៈនេះ ។ ផ្ទុយទៅវិញ ប្រធានាធិបតីអាមេរិកបាននិយាយអំពីការទិញកោះនេះ ហើយបានបង្ហើបអំពីលទ្ធភាព ប្រើកម្លាំងយោធាដើម្បីទទួលបានកោះនេះ៕
ប្រែសម្រួលៈ ណៃ តុលា
