ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានឆ្លើយតបទៅក្រុមប្រឆាំង នៅក្រៅប្រទេសថា ចំពោះគម្រោងបាតុកម្ម របស់ពួកគេនៅប្រទេសជប៉ុន ដើម្បីប្រឆាំងវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាបាតុកម្ម គ្មានន័យខ្លឹមសារអ្វីនោះទេ ។

ការលើកឡើងរបស់អ្នកនាំពាក្យ រាជរដ្ឋាភិបាលនេះ ក្រោយពីឃើញក្រុមប្រឆាំង នៅក្រៅប្រទេសបានរៀបចំគម្រោង ធ្វើបាតុកម្មប្រឆាំងដំណើរទស្សកិច្ច របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅប្រទេសជប៉ុនក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃចាប់ពីថ្ងៃ២៨-៣១ឧសភា ។ បាតុកម្មនេះនឹងធ្វើនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ ។ ឃើញថា ទោះបីជាពួកប្រឆាំងប្រកាសពីគម្រោង បាតុកម្មយ៉ាងណាក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋខ្មែរាប់រយនាក់ បានចេញមកស្វាគមន៍ ទទួលដំណើរ ចំពោះវត្តមានសម្តេចនៅលើទឹកដីជប៉ុន យ៉ាងកុះករផងដែរ ។
លោក ប៉ែន បូណា បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២៨ ឧសភាថា សម្តេចធិបតីនឹងបញ្ចប់ដំណើរ ទស្សនកិច្ចនៅជប៉ុន នាថ្ងៃ៣១ ឧសភា ហើយក៏នឹងអញ្ជើញ មាតុភូមិនិវត្តមកកម្ពុជាវិញនាថ្ងៃ៣១ ឧសភាដែរ ។ ដូចនេះ សបញ្ជាក់ថា គម្រោងបាតុកម្ម របស់ក្រុមប្រឆាំងនេះ គឺប្រព្រឹត្តឡើងគ្មានផលប្រយោជន៍អ្វីនោះទេ ព្រោះអំឡុងពេលបាតុកម្មនោះ ពុំមានវត្តមានសម្តេចនៅជប៉ុន ។

លោកគូសបញ្ជាក់ថា “ចឹងយើងយល់ថាម៉េច យើងយល់ថា ជាបាតុកម្មមួយដែលអត់មានន័យអីទេ ។ ការធ្វើបាតុកម្មនៅក្រៅប្រទេសចុងក្រោយនេះ វាសបញ្ជាក់ឲ្យឃើញពីការស្រុតចុះយ៉ាងខ្លាំង នៃកម្លាំងប្រឆាំងនៅក្រៅប្រទេស ។ យើងឃើញហើយមិនថានៅអឺរ៉ុប មិនថានៅកូរ៉េគឺដូចគ្នា ក្រុមប្រឆាំងជ្រុលនិយម នៅក្រៅប្រទេស អត់អាចប្រមូលផ្តុំគ្នាធ្វើបាតុកម្មបានទៀតទេគឺមានតិចតួចបំផុតដែលសបញ្ជាក់ថា អ្នកដែលធ្លាប់ជឿលើ ក្រុមប្រឆាំងជ្រុលនិយមកន្លងទៅ នោះគេបានបោះបង់ចោលរឿងហ្នឹងហើយ ដោយគេងាកមករួបរួមជាមួយរាជរដ្ឋាភិបាលវិញហើយ”។
លោកប៉ែន បួណាក៏បានប្រៀបធៀប ពីក្រុមបាតុកម្ម ជាមួយនឹងក្រុមអ្នកគាំទ្រគឺមានការខុសគ្នាជាខ្លាំងដោយអ្នកគាំទ្រស្វាគមន៍សម្តេចមានចំនួនច្រើនកុះករ ដែលនេះបានឆ្លុះបញ្ចាំង ទៅសហគមន៍អន្តរជាតិពីការធ្លាក់ប្រិយភាពនិងកម្លាំងក្រុមប្រឆាំងបានចុះខ្សោយ ហើយចលនាគាំទ្រ រាជរដ្ឋាភិបាលមានសន្ទុះខ្លាំងក្លាបំផុត ក្នុងរយៈពេលចុងក្រោយនេះ ទាំងក្នុងនិងក្រៅប្រទេស៕
