ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ផ្ដល់អនុសាសន៍គន្លឹះ ៧ចំណុច ដល់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី ចូលកាន់តំណែងថ្មី

មណ្ឌលគិរី៖ ដើម្បីជាត្រីវិស័យច្បាស់លាស់ ក្នុងការបំពេញតួនាទី និងភារកិច្ចឱ្យសម្រេចបានជោគជ័យ និង មានប្រសិទ្ធភាព លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដល់អនុសាសន៍គន្លឹះ ៧ចំណុច ដល់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី ចូលកាន់តំណែងថ្មី ។ ការផ្ដល់អនុសាសន៍នេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពីធីប្រកាសចូលកាន់តំណែង លោក ធន់ សារី ប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទខេត្តមណ្ឌលគិរី ជំនួស លោក យន់ សារ៉ោម ដែលបានស្នើសុំលាឈប់ ពីប្រធានមន្ទីរ ដើម្បីមកទទួលភារកិច្ចថ្មី នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ។

អនុសាសន៍គន្លឹះ ទាំង៧ចំណុចរួមមាន៖
១. ត្រូវពង្រឹងភាពជាអ្នកដឹកនាំ និងគ្រប់គ្រងអង្គភាព ដោយមានចក្ខុវិស័យ គោល ដៅ យុទ្ធសាស្ត្រ ត្រួតពិនិត្យ វាយតម្លៃ និងធ្វើការកែលម្អជាប្រចាំ ឈរលើតួ នាទី និងភារកិច្ចរបស់អង្គភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់
២.ត្រូវស្វែងយល់បានច្បាស់លាស់នូវតួនាទី និងភារកិច្ចរបស់អង្គភាព ដើម្បីអនុវត្តឱ្យ មានប្រសិទ្ធភាព តម្លាភាព និងស័ក្តសិទ្ធភាព ប្រកដោយឆន្ទៈមុះមុត ស្រមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី គឺ “ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍”
៣.ត្រូវចេះលើកចិត្តដល់មន្ត្រីក្រោមឱវាទនៅក្នុងមន្ទីរ ឱ្យចូលរួមនូវរាល់សកម្មភាពការងារ ដោយឈរលើគុណវុឌ្ឍិ និងបទពិសោធន៍ របស់បុគ្គលជាចម្បង
៤. ត្រូវក្តាប់ឱ្យបាននូវទិន្នន័យប្រជាសាស្ត្រ ភូមិសាស្ត្រ សមិទ្ធផល និងតម្រូវការអភិវឌ្ឍន៍ជនបទរបស់ខេត្ត ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ឱ្យចំគោលដៅ
៥. ខិតខំកៀរគរដៃ គូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ជាសហថាមពល ដើម្បីចូលរួមគាំទ្រ និងអនុវត្តសកម្មភាព អភិវឌ្ឍន៍ជនបទ នៅទូទាំងខេត្តឱ្យសម្រេចបានជោគជ័យ
៦. ត្រូវធ្វើជាសេនាធិការ បច្ចេកទេសដ៏ល្អ ជាមួយរដ្ឋបាលខេត្ត និងលើកម្ពស់កិច្ចសហការល្អជាមួយអង្គភាព/មន្ទីរជំនាញនានា ជុំវិញខេត្ត ដើម្បីប្រសិទ្ធភាពការងារខ្ពស់ និងទទួលបានការគាំទ្រពីប្រជាជន ដោយអនុវត្តជាអ្នកបម្រើដ៏ល្អរបស់ប្រជាជន មិនមែនជាចៅហ្វាយនាយប្រជាជនទេ ។
៧. ត្រូវថែរក្សា និងពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អដើម្បីបង្កើនភាពរឹងមាំ និងប្រសិទ្ធភាព របស់អង្គភាពសំដៅឆ្លើយតប នឹងភារកិច្ចដែលគណៈបញ្ជាការខេត្ត ក៏ដូចជាក្រសួងប្រគល់ជូន។

លោកធន់ សារី ដែលចូលកាន់តំណែងថ្មី បានប្ដេជ្ញាចិត្តខិតខំឱ្យអស់ពីកម្លាំង កាយចិត្ត បំពេញតួនាទី ភារកិច្ចក្នុងជានាមសេនាធិការ បច្ចេកទេស ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសុច្ចរិត ជូនក្រសួង អភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីសម្រេចបានសមិទ្ធ ផលថ្មីៗបន្ថែមទៀត ជូនរាជរដ្ឋាភិបាល ក៏ដូចជាប្រជាជននៅទូទាំងខេត្ត ៕

To Top