កំពង់ឆ្នាំង ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ ចំណុះក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន៦៦៥កន្លែង ដល់ក្រុមយុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈកម្រិត១ (C1) ព្រមទាំងមានប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀតផង។

ការផ្ដល់ជូនអាហារូបករណ៍នេះ គឺជាការអនុវត្តកម្មវិធីគោលនយោបាយអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអាណត្តិដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិសដៅលើកកម្ពស់ស្ថានភាពជីវិតយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ តាមរយៈផ្ដល់ឱ្យពួកគេនូវជំនាញជាក់លាក់មួយ និងមានលទ្ធភាពទទួលបានចំណូលសមរម្យ។
សម្រាប់វគ្គសិក្សា ពីថ្ងៃចន្ទ-សុក្រ វេនព្រឹក-រសៀល ម៉ោង ៨:០០-១២:០០ និង ១:៣០-៤:៣០ មានជំនាញ៖ (១).ជំនាញដំឡើង និងអនុវត្តបច្ចេកវិទ្យា ឌីជីថល (ជំនាញកុំព្យូទ័រ) ចំនួន៣៥នាក់។ (២).ជំនាញរចនាក្រាហ្វិកដោយកុំព្យូទ័រ ចំនួន៣៥នាក់ (៣).ជំនាញថែទាំនិងជួសជុលរថយន្ត ចំនួន៣៥នាក់ (៤).ជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ចំនួន៣៥នាក់ (៥).ជំនាញថែទាំនិងជួសជុលម៉ូទ័រអគ្គិសនី ចំនួន៣៥នាក់ (៦).ជំនាញដំឡើង បណ្ដាញអគ្គិសនីក្នុងអគារ ចំនួន៣៥នាក់ (៧).ជំនាញសម្អាងកាយ ចំនួន៣៥នាក់។
សម្រាប់ការសិក្សាពីថ្ងៃចន្ទ-សុក្រ វេនយប់ (៥:៣០-៨:៣០) រួមមាន៖ (១).ជំនាញដំឡើង និងអនុវត្តបច្ចេកវិទ្យាឌីជីថល (ជំនាញកុំព្យូទ័រ) ចំនួន៣៥នាក់ (២).ជំនាញរចនាក្រាហ្វិកដោយកុំព្យូទ័រ ចំនួន៣៥នាក់ (៣).ជំនាញថែទាំនិងជួសជុលរថយន្ត ចំនួន៣៥នាក់ (៤).ជំនាញថែទាំនិង ជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ចំនួន៣៥នាក់ (៥).ជំនាញថែទាំនិងជួសជុលអគ្គិសនីរថយន្ត ចំនួន៣៥នាក់ (៦).ជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ចំនួន៣៥នាក់ (៧). ជំនាញថែទាំនិងជួសជុលម៉ូទ័រអគ្គិសនី ចំនួន៣៥នាក់ និងទី(៨).ជំនាញកែច្នៃបន្លែនិងផ្លែឈើ ចំនួន៣៥នាក់។
ដោយឡែក កម្មវិធីសិក្សាសម្រាប់ថ្ងៃសៅរ៍-អាទិត្យ ម៉ោង ៨:០០-១២:០០ និង ១:៣០-៤:៣០ មានមុខជំនាញចំនួន៤ គឺ (១).ជំនាញរចនាក្រាហ្វិក ដោយកុំព្យូទ័រ ចំនួន៣៥នាក់ (២).ជំនាញថែទាំនិងជួសជុលរថយន្ត ចំនួន៣៥នាក់ (៣).ជំនាញសេវាកម្មបរិក្ខារត្រជាក់ ក្នុងគេហដ្ឋាន ចំនួន៣៥នាក់ និង(៤). ជំនាញសេវាកម្មសម្អាងកាយ ចំនួន៣៥នាក់។
លោក ហួ បញ្ញា នាយករងវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ការទទួលពាក្យចូលសិក្សាជំនាញ TVET ខាងលើនេះ គឺធ្វើឡើងរហូតដល់ថ្ងៃទី៣១ ខែឧសភា ។ ចំណែកវគ្គសិក្សានឹងចាប់ផ្ដើមពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ តទៅ សម្រាប់វគ្គសម្អាងកាយ និងអគ្គិសនី។ ដោយឡែក មុខជំនាញវគ្គកុំព្យូទ័រ នឹងចូលសិក្សា នៅខែសីហា ឆ្នាំ២០២៥។

សម្រាប់យុវជនគោលដៅទាំងពីរក្រុម ខាងលើដែលចាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមទាក់ទងវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលមានទីតាំងនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជាប់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ឬទំនាក់ទំនងតាមរយៈលេខ ០១២ ៤៧៤ ៣៤១ / ០១៥ ៩៤០ ៤២០ / ០១០ ៥៤៦ ១៧៧ / ០៩៧ ២៦៩ ៥៧១៣។
គួរបញ្ជាក់ថា ក្រៅពីក្រុមយុវជនគោលដៅ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ វគ្គបណ្ដុះបណ្ដាលពិសេសនេះក៏បើកចំហសម្រាប់យុវជន និងប្រជាពលរដ្ឋទូទៅ រួមទាំងកម្មករ-កម្មការិនីផងដែរ ដែលអាចដាក់ពាក្យចូលសិក្សាជំនាញ បច្ចេកទេសនិងវិជ្ជាជីវៈនេះបានដោយឥតបង់ថ្លៃដូចគ្នា គ្រាន់តែមិនទទួលបានប្រាក់ឧបត្ថម្ភ ប្រចាំខែពីរាជរដ្ឋាភិបាល ៕


