ព័ត៌មានជាតិ

ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ​ គឺកងទ័ពថៃ បានធ្វើការបាញ់ប្រហារមុន មកលើលេណដ្ឋានដែលជាទីតាំងឈរជើង​ របស់កងទ័ពកម្ពុជា

ភ្នំពេញ៖ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើង នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុន មកលើលេណដ្ឋាន ដែលជាទីតាំងឈរជើង របស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់ ។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ បញ្ជាក់ឱ្យដឹងថា ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃ បានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើង របស់កងទ័ពកម្ពុជា ជាយូរលង់ ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពយើងម្នាក់ ។
ការប៉ះទង្គិចគ្នានេះ មិនមែនជាជម្រើសដែលកម្ពុជាចង់ បាននោះទេ ហើយយើងនឹងបន្តពិភាក្សា ជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយ រួមមួយ ក្នុងការធ្វើ ឱ្យស្ថានភាពវិល ត្រឡប់ទៅដូចដើមវិញឱ្យបានឆាប់រហ័ស និងបង្ការកុំឱ្យស្ថានភាពនេះ កើតឡើងសាជាថ្មីម្តងទៀត ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ បញ្ជាក់​បន្ថែម​ថា កម្ពុជាប្រកាន់ខ្ជាប់នូវមធ្យោបាយការទូត និងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងការរក្សាព្រំដែន របស់ខ្លួន ជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ កម្ពុជាប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដី ទោះក្នុងតម្លៃណាក៏ដោយ ។

ក្នុងន័យនេះ ក្រសួងការពារជាតិ សូមអំពាវនាវឱ្យសាធារណជនទាំងអស់មេត្តាកុំជឿ និងផ្សព្វផ្សាយនៅតាម បណ្តាញ ទំនាក់ទំនងសង្គមនូវព័ត៌មាន មិនពិតដែលអាចរុញច្រានស្ថានការណ៍ នៅតាមបណ្ដោយព្រំដែនឱ្យមានអស្ថិរភាពនិងអសន្តិសុខ ព្រមទាំងបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរបស់កងទ័ព ការប្រព្រឹត្តទៅនៃជីវភាពធម្មតារបស់ប្រជាពលរដ្ឋ ក៏ ដូចជារបស់ប្រទេសជាតិទាំងសងខាង ។ ក្រសួងការពារជាតិក៏សូមស្នើឱ្យសាធារណជនទាំងអស់ ទទួលយកតែព័ត៌មាន ដែលមានប្រភពច្បាស់លាស់ និងផ្លូវការ ជាពិសេសការប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ៕

To Top