កំពង់ស្ពឺ៖ ដោយមានការចូលរួមពីគ្រប់សមាសភាពនៃសសរស្តម្ភទាំង៦ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ហួត ហាក់ បានណែនាំទៅគ្រប់ភាគីពាក់ព័ន្ធឱ្យរួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍ដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ អន្តរជាតិ។ការណែនាំនេះធ្វើឡើងក្នុងពិធីប្រកាសតែងតាំងលោក រស់ សុខ ជាប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នៅសាលាខេត្តកំពង់ស្ពឺ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថាដើម្បីកំណត់គោលដៅអភិវឌ្ឍក្នុងវិស័យទេសចរណ៍ និងសំដៅជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាក្នុងខេត្តកំពង់ស្ពឺឱ្យបានកាន់តែច្រើន ភាគីពាក់ព័ន្ធទាំងអស់ពិសេសអាជ្ញាធរមូលដ្ឋាន មន្ទីរទេសចរណ៍ត្រូវតែខិតខំក្នុងការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវគោលដៅទេសចរណ៍នានាដែលខ្លួនមាន។ជាងនេះត្រូវតែរៀបចំអភិវឌ្ឍន៍ កែលំអរហេដ្ឋារចនាសម្ព័ន្ធនានាឱ្យកាន់តែប្រសើរថែមទៀតដើម្បីបម្រើដល់ការធ្វើដំណើរ ការស្នាក់នៅ និងការកម្សាន្តសប្បាយ។ត្រូវដាក់ស្លាកសញ្ញាសម្គាល់និងបង្ហាញទិសដៅនៃរមណីយដ្ឋានទៅដល់ភ្ញៀវទេសចរ ដើម្បីបង្កើនភាពងាយស្រួលទៅភ្ញៀវទេសចរជាតិ អន្តរជាតិបានស្គាល់និងងាយក្នុងការរកទីតាំង។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រំពឹងថាចំនួនភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងប្រមាណពី ៧,២ ទៅ ៧,៥ លាននាក់នៅឆ្នាំ២០២៥នេះ ៕
ដោយ:សុខ សុភ័ណ្ឌ រូបថតរដ្ឋបាលខេត្ត
