ព័ត៌មានជាតិ

រយៈជាង១០ឆ្នាំចុងក្រោយ អាជ្ញារធរជាតិអប្សរា​ ប្រើ​កំបោរធ្វើពីសំបកលៀស ​និងខ្យងដើម្បីជួសជុលប្រាសាទអង្គរវិញ

សៀមរាប​៖ លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា តាមការស្រាវជ្រាវជនជាតិខ្មែរកាលពីរាប់ពាន់ឆ្នាំមុន បាន​ប្រើបច្ចេកទេសយកសំបកលៀសនិងខ្យង ធ្វើជាកំបោរ​ប្រើប្រាស់ក្នុងការសាងសង់ជាសំណង់នានាក្នុងសម័យនោះ។

លោកលើកឡើង ក្នុងកម្មវិធីធ្វើបទបង្ហាញពី «ការអប់រំបេតិកណ្ឌ និងសិប្បកម្មនៅក្នុងតំបន់រមណីយដ្ឋានអង្គរ» នាថ្ងៃទី២៨ ខែឧសភា នៅនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា លើទឹកដីអង្គរ។

លោក អ៊ឹម សុខរិទ្ធី លើកឡើងថា​​ អស់រយៈពេលជាង១០ឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានការជ្រាវស្រាវយ៉ាងល្អិតល្អន់ អំពីសំណង់ប្រាសាទអង្គរវត្តដល់អស្ចារ្យរបស់កម្ពុជា ​បង្ហាញថាបុព្វបុរសខ្មែរជំនាន់នោះពិតជាបានយកកំបោរធ្វើពី សំបកលៀសខ្យងមកប្រើក្នុងការសាងសង់នាសម័យនោះ។

លោកបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះអាជ្ញាធរជាតិអប្សរាបានធ្វើការកែសម្រួលមិននាំយកកំបោរធ្វើពីកំទេចថ្ម និងកំបោរចូលពីក្រៅប្រទេសដើម្បីធ្វើការជួសជុលនោះទេ គឺងាកមកប្រើកំបោរធ្វើចេញពីសំបកលៀសនិងខ្យង ដើម្បីជួសជុលសំណង់ប្រាសាទអង្គរវិញ៕

To Top